កំពូលខ្សែការពារដ៏រឹងមាំ និងជាប្រធានក្រុមរបស់ Manchester United កីឡាករ Harry Maguire បានចេញមុខច្រានចោល ចំពោះពាក្យចចាមអារ៉ាមថាខ្សែប្រយុទ្ធ Christiano Ronald សុំធ្វើជាប្រធានក្រុមជំនួសរូបគេ ហើយថែមទាំងបកស្រាយបំភ្លឺថាបច្ចុប្បន្ន Man United ចុះសម្រុងគ្នាបានល្អណាស់។
កន្លងមកថ្មីៗនេះ The Mirror បានចុះផ្សាយថា CR7 មានទំនាស់ជាមួយ Maguire ទៅនឹងតំណែងជាប្រធានក្រុម រហូតមានការសម្របសម្រួលពីលោក Ralf Rangnick ថែមទៀតផង។
ទោះជាយ៉ាងណា Harry Maguire បានចេញមុខធ្វើការបកស្រាយបំភ្លឺតាមរយៈ Twitter ផ្ទាល់ខ្លួនរបស់គាត់ថា៖ « ខ្ញុំបានឃើញរបាយការណ៍ព័ត៌មាន ជាច្រើនចុះផ្សាយអំពីក្លឹបនេះ ដែលមិនមែនជាការពិត ហើយនេះក៏ជាព័ត៌មានមួយក្នុងចំណោមនោះ។ ខ្ញុំមិនចង់បកស្រាយអ្វីច្រើននោះទេ ប៉ុន្តែខ្ញុំចង់បកស្រាយពីព័ត៌មានមួយនេះ។ យើងមានការសហការគ្នាបានល្អ ត្រៀមខ្លួនសម្រាប់ការប្រកួតនៅថ្ងៃអាទិត្យនេះ។ សុំឲ្យគ្រប់គ្នាមានថ្ងៃល្អ…»៕