លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្រុម Liverpool បាននិយាយថា ក្រុមរបស់គាត់ចាញ់ ៩ពិន្ទុចំពោះក្រុមកំពូលតារាង Premier League គឺ Manchester City គឺជាការព្រួយបារម្ភតិចតួចបំផុតរបស់គាត់។
ហង្សក្រហមមានមួយប្រកួតក្នុងដៃលើក្រុមរបស់លោក Pep Guardiola ហើយមិនស្គាល់ចាញ់សោះក្នុងដប់ប្រកួតចុងក្រោយរបស់ពួកគេក្នុងការប្រកួតប្រជែង។ ពួកគេសង្ឃឹមថានឹងបន្តការធ្វើបានល្អបែបនេះ នៅពេលដែលពួកគេជួបក្រុម Norwich City នៅថ្ងៃសៅរ៍ និង Leeds United នៅថ្ងៃពុធក្នុងលីក។
យ៉ាងណាក៏ដោយលោក Klopp មានអារម្មណ៍ថាគាត់មានបញ្ហាជាច្រើនដែលត្រូវព្រួយបារម្ភជាជាងការចាញ់ពិន្ទុជាមួយ Man City។ ថ្លែងមុនការប្រកួតរបស់ Liverpool ជាមួយ Norwich អ្នកចាត់ការក្រុមហង្សក្រហមបាននិយាយថា៖
«ពិតជាមានរឿងជាច្រើនដែលត្រូវដោះស្រាយ។ រាល់បញ្ហាដែលខ្ញុំមាន បញ្ហាតូចជាងគេគឺអ្វីដែលអ្នកបាននិយាយអំពី Man City។ ក្រៅពីនោះ យើងតស៊ូដើម្បីដណ្តើមយកកៅអី Champions League យើងត្រូវការឈ្នះក្នុងការប្រកួត។ បើយើងចង់បន្តទៅមុខទៀតក្នុងការប្រកួតពានរង្វាន់ ឬឈ្នះពាន នោះអ្នកត្រូវតែឈ្នះការប្រកួត»៕