ឡេ​ង ណូ​រ៉ា តស៊ូ​ក្នុង​ជីវិត​ជា​ក្មេង​កំព្រា រហូត​ក្លាយជា​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា

0

ភ្នំពេញ​៖ កំព្រា​ឪពុក​តាំងពី​វ័យ​៦​ឆ្នាំ និង​រស់នៅ​ជាមួយ​អង្គការ​កុមារ​កំព្រា​មួយ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី រាជធានី​ភ្នំពេញ ឡេ​ង ណូ​រ៉ា បាន​តស៊ូ​ក្រាញននៀល​នឹង​ជីវិត​ជា​ពិសេស​ក្នុង​ការ​ហ្វឹកហាត់​បាល់ទាត់ រហូត​ដល់​ធ្វើ​ឱ្យ​រូបគេ​ទទួល​បាន​ឱកាសល្អ​ៗ នៅ​ក្នុង​ក្លឹ​ប​កីឡាបាល់ទាត់ និង​ក្លាយជា​សមាជិក​ក្រុម​ជម្រើសជាតិ​បាល់ទាត់​កម្ពុជា​។

ឡេ​ង ណូ​រ៉ា បាន​បាត់បង់​ឪពុក​ជា​ជនជាតិ​ហ្គា​ណា និង​មាន​ម្តាយ​ជា​ជនជាតិ​ខ្មែរ ដោយ​កំព្រា​ឪពុក​តាំងពី​រូបគេ​ទើប​មាន​អាយុ​៦​ឆ្នាំ​។ នៅ​អង្គការ​កុមារ​កំព្រា​នោះ ណូ​រ៉ា ទទួល​បានការ​មើលថែ រៀនសូត្រ និង​ផ្តើម​លេង​បាល់ទាត់​រហូត​វិវត្តន៍​ខ្លួន​មក​ជាប់​ក្រុម​យុវជន​ក្រោយ​អាយុ​១៥​ឆ្នាំ នៅ​ក្លឹ​ប​បាល់ទាត់​វិសាខា កាលពី​ឆ្នាំ​២០១៩​។

ណូ​រ៉ា បាន​រួមចំណែក​ជួយ​ដល់​ក្រុម​ឈ្នះ​ពាន​មួយ​ចំនួន​នៅ​ទីនោះ ដូច​ជា ពាន​ជើងឯក​វិទ្យាល័យ​, Soccer League, ការ​ប្រកួត​ជម្រើស​ជើងឯក​យុវជន​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​, ពានរង្វាន់ KMH CUP អាយុ​ក្រោម​១៨​ឆ្នាំ មុន​ផ្ទេរ​ទៅ​ក្លឹ​ប​ព្រៃវែង នៅ​ឆ្នាំ​២០២១ និង​ទើប​ត្រឡប់​មក​ក្រុម​ឈុត​ធំ​របស់​ក្លឹ​ប​វិសាខា នៅ​ឆ្នាំ​២០២២​នេះ ក្នុង​ដំណែង​ជា​ខ្សែប្រយុទ្ធ​។ យុវជន ដ៏​លេចធ្លោ​រូប​នេះ ត្រូវ​បាន​គ្រូ​ជម្រើសជាតិ​កម្ពុជា​កោះហៅ​ចូលរួម​ជួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ចូលរួម​ប្រកួត​ជម្រុះ កន្លង​ទៅ នៃ​ព្រឹត្តិការណ៍ ពាន រង្វាន់ AFC U23 Asian Cup Uzbekistan 2022​។

យុវជន វ័យ ១៧ ឆ្នាំ រូប​នេះ​បាន​ចេញ​ទៅ​ហ្វឹកហាត់​ជាមួយ​ក្រុម នៅ​ប្រទេស​ជប៉ុន មុន​ការ​ប្រកួត​ជម្រុះ​ពាន​អាស៊ី​នេះ​បានឱ្យ​ដឹង​ថា ក្រោយ ទទួល បាន បង្វឹក យ៉ាង យក ចិត្ត ទុក ដាក់ ពី គ្រូ បង្វឹក អស់ រយៈ ពេល ច្រើន ថ្ងៃ នៅ ជប៉ុន ក្រុម យុវជន កម្ពុជា ពេល នេះ មើល ទៅ ហាក់ លេង យល់ ចិត្ត គ្នា ខ្លាំង​។ ចំណុច នេះ ធ្វើ​ឱ្យ គេ​សង្ឃឹមថា កម្ពុជា នឹង អាច ធ្វើ បាន ល្អ សម្រាប់ ជំនួប ទល់ ហុង កុង​។

សម្រាប់​ពានរង្វាន់​ជម្រើស​ជើងឯក​អាស៊ី​អាគ្នេយ៍ ឆ្នាំ​២០២២ (AFF U23 Champioship 2022) ដែល​កម្ពុជា​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ពី​ថ្ងៃ​ទី​១៤​ដល់​២៦ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ ក៏​យុវជន​ជម្រើសជាតិ​កម្ពុជា ឡេ​ង ណូ​រ៉ា ជាប់​នៅ​ក្នុង​បញ្ជី​១១​នាក់​ដំបូង​នៃ​ក្រុម​ជម្រើសជាតិ​កម្ពុជា ទាំង​២​ប្រកួត​មកនេះ​។ បច្ចុប្បន្ន ឡេ​ង ណូ​រ៉ា មាន​វ័យ ១៧​ឆ្នាំ​ក្មេង​ជាងគេ​ទី​២ ក្នុង​ក្រុម U23​កម្ពុជា បន្ទាប់​ពី​កីឡាករ ស៊ិ​ន សុវណ្ណ​មក​រា​។

នៅ​ក្នុង​ការ​ប្រកួត AFF U23 Champioship 2022​នេះ ឡេ​ង ណូ​រ៉ា បាន​ជួយ​ក្រុម​មិន​ឱ្យ​រហូត​គ្រាប់​បាល់​១​ឡើយ ដោយ​ដណ្តើម​បាន​ជ័យជម្នះ​ដ៏​ត្រ​ចេះ​ត្រចង់ ៦​ទល់​០ លើ​ក្រុម​ភ្ញៀវ ព្រុយ​ណេ នៅ​ក្នុង​ការ​ប្រកួត​ទី​១ កាលពី​ថ្ងៃ​ទី​១៤ ខែកុម្ភៈ និង​ជួយ​ក្រុម​បន្ត​យកឈ្នះ​នៅ​ប្រកួត​ទី​២ ដោយ​លទ្ធផល ១​ទល់​០ លើ​ក្រុម​ភ្ញៀវ ហ្វី​លី​ពី​ន កាលពី​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២២​។

បច្ចុប្បន្ន ក្រុម U23 កំពុង​ក្តោប​ក្តាប់​ដំណែង​លើ​កំពូល​តារាង​ជាមួយនឹង ៦​ពិន្ទុ ក្នុង​ពូ​ល A ក្រោយ​ឆ្លងកាត់​២​ប្រកួត ឈ្នះ​ទាំង​ពីរ​ប្រកួត ខណៈ​ក្រុម​ទី​ម័​រ​ខាងកើត​កំពុង​ឈរ​ដំណែង​លេខ​២ ក្រោយ​ឈ្នះ​១​ប្រកួត និង​ស្មើ​១​ប្រកួត មាន​៤​ពិន្ទុ​។

ចំពោះ​១​ប្រកួត​ចុង​ក្រោយ​នៃ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល A នេះ គឺ​ក្រុម​កម្ពុជា​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ទី​ម័​រ​ខាងកើត នា​វេលា​ម៉ោង ៧:០០ ថ្ងៃ​ទី​២០ ខែកុម្ភៈ ស្អែក​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។ ក្រុម​កម្ពុជា​មានឱកាស​ខ្ពស់ ក្នុង​ការ​ឈាន​ឡើង​ទៅ​ប្រកួត​បន្ត​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ឬ​៤​ក្រុម​ចុង​ក្រោយ ខណៈ​១​ប្រកួត​ចុង​ក្រោយ​របស់​កម្ពុជា​គឺ​ត្រូវការ​ត្រឹម​ស្មើ​ជាមួយ ក្រុម​ទី​ម័​រ​ខាងកើត ប៉ុណ្ណោះ ដើម្បី​ឈរ​ក្នុង​ដំណែង​ចំណាត់ថ្នាក់​លេខ​១ និង​បាន​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដោយ​ស្វ័យប្រវត្តិ​។ ប្រសិនបើ​ក្រុម​កម្ពុជា​ចាញ់​១​ប្រកួត​ចុង​ក្រោយ​នេះ ក៏​ក្រុម​កម្ពុជា​នៅ​តែ​អាច​មានឱកាស​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដែរ ក្នុង​នាម​ជា​ក្

រុម​លេខ​២​ល្អ​ផ្តាច់​គេ​។ ព្រឹត្តិការណ៍ AFF U23 Championship 2022​បាន​កំណត់​យក​ក្រុម​ចំណាត់ថ្នាក់​លេខ​១​ចំនួន​៣​ក្រុម​នៃ​ពូ​ល​ទាំង​៣ (​ឡើង​ស្វ័យប្រវត្តិ​) និង​១​ក្រុម​ទៀត​ជា​ក្រុម​ចំណាត់ថ្នាក់​លេខ​២ ដែល​ត្រូវ​បាន​វាយតម្លៃ​ថា ជា​ក្រុម​ល្អ​ផ្តាច់​គេ ដែល​នឹង​រើស​ចេញពី​ពីរ​ពូ​ល គឺ​ពូ​ល A ឬ​ពូ​ល C សម្រាប់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​៕

ប្រភព៖ ក្រសួងព័ត៌មាន