កីឡាករ​វ័យក្មេង​រូប​នេះ នឹង​អាច​ជំនួស Salah នៅ Liverpool នា​ថ្ងៃ​អនាគត

0

អតីត​តារា​ឆ្នើម​របស់ Liverpool លោក Jamie Carragher និយាយ​ថា លោក​មើលឃើញ​ពី​សមត្ថភាព​របស់​កីឡាករ​វ័យក្មេង Harvey Elliott ដែល​អាច​ជំនួស Mohamed Salah នៅ​ក្នុង​យុគ​ថ្មី ជាមួយ​ជម្រើស​តំបន់​ប្រយុទ្ធ Diogo Jota និង​កីឡាករ​ចំណូល​ថ្មី Luis Diaz​។

Elliott បាន​ត្រលប់​មក​ចូលរួម​ការ​ប្រកួត​សម្រាប់​ក្រុម​ហង្ស​ក្រហម​ជា​ថ្មី ក្រោយ​ខកខាន​ជា​ច្រើន​ខែ ដោយសារ​បញ្ហា​របួស កាលពី​ដើមរដូវ​កាល​កន្លង​ទៅ ហើយ​គេ​បាន​ក្លាយជា​កីឡាករ​វ័យក្មេង​បំផុត​របស់ Liverpool ដែល​ជាប់​ជម្រើស​១១​នាក់​ដំបូង នៃ​ការ​ប្រកួត UEFA Champions League ក្រោយ​ត្រូវ​បាន​ដាក់​ឱ្យ​លេង ក្នុង​ជំនួប​ទល់​នឹង Inter Milan​។

ហើយ​លោក Carragher ជឿ​ថា​នៅ​ឆ្នាំ​ក្រោយ ឬ​តទៅ​មុខ​ទៀត Elliott នឹង​ចាប់ផ្ដើម​ស្ថិត​នៅ​ក្នុង​គម្រោង​របស់​អ្នកចាត់ការ Jurgen Klopp ហើយ​លោក​ជឿ​ថា អ្នកចាត់ការ​រូប​នេះ នឹង​ផ្ដល់​ឱកាស​ឱ្យ​ខ្សែប្រយុទ្ធ​វ័យក្មេង​រូប​នេះ បញ្ចេញ​ឱ្យ​អស់​នូវ​សក្ដានុពល​ដែល​គេ​មាន​។

លោក Carragher បាន​និយាយ​ថា​៖ “​វា​ធ្វើ​ឱ្យ​អ្នក​គិត​ថា Liverpool មាន​កីឡាករ​ពិសេស មិនមែន​ត្រឹមតែ​ជា​កីឡាករ​ល្អ​នោះ​ទេ​។ អ្នកមាន​កីឡាករ​ពិសេស​មួយ​រូប​នៅ​ទី​នេះ ប្រហែលជា​អាច​ជា​អ្នក​ជំនួស Mo Salah បើ​នោះ​ជា​តំណែង​ដែល​គេ​អាច​ចូលរួម​បាន​”​។

“Mo Salah មាន​វ័យ​៣០​ឆ្នាំ​ហើយ​នៅ​ខណៈ​នេះ ហើយ​យើង​ទាំងអស់​គ្នា​មិនសូវ​សង្ឃឹមថា​គេ​នឹង​បន្ដ​កុងត្រា​ថ្មី​ឡើយ ប៉ុន្ដែ​នៅ​ពេល​ណា​ដែល Mo Salah ចាកចេញ ប្រហែលជា​អ្នកមាន​អ្នក​ជំនួស​ម្នាក់​ជា​ស្រេច​។ ប្រហែល​មិនមែន​ជា​កីឡាករ​ក្នុង​ប្រភេទ​ដូច​គ្នា​ទេ ប៉ុន្ដែ​ជា​កីឡាករ​ដែល​លេង​នៅ​ស្លាប​ខាងស្ដាំ និង​ជំនាញ​ជើង​ឆ្វេង​”​។

“​ប្រហែលជា​គេ​ជា​កីឡាករ​ដែល​បង្កើត​ឱកាស​ច្រើន​ជាង ឬ​ប្រហែលជា​គេ​មាន​គ្រាប់​បាល់​តិច​ជាង តើ​នរណា​ទៅ​ដឹង ប៉ុន្ដែ​គេ​ពិតជា​កីឡាករ​ពិសេស​មួយ​រូប ហើយ​នៅ​ក្នុង​រយៈពេល​១៨​ខែ​ចុង​ក្រោយ គេ​នឹង​រក​ឃើញ​តំណែង​របស់​ខ្លួន​នៅ​ក្នុង​ក្រុម ព្រោះ​កីឡាករ​ដែល​មានគុណ​ភាព​បែប​នេះ ត្រូវ​តែ​បាន​លេង​”៕