ត្រៀម​ហើយ ឫ​នៅ? ជម្រើសជាតិU23 កម្ពុជា​នឹង​ប៉ះ​ជាមួយ​ព្រុយ​ណេ នៅ​ម៉ោង ៧​យប់​នេះ​ហើយ

0

ភ្នំពេញ​៖ ក្រុម​ម្ចាស់ផ្ទះ​អាយុ​ក្រោម​២៣​ឆ្នាំ​កម្ពុជា ដែល​ម្ចាស់ផ្ទះ​នឹង​ត្រូវ​បើក​យុទ្ធនាការ​ស្វែងរក​ពិន្ទុ នៅ​ក្នុង​ការ​ប្រកួត​ដំបូង​ជាមួយ​ក្រុម​ភ្ញៀវ ព្រុយ​ណេ ក្នុង​ពូ​ល A វេលា​ម៉ោង ៧:០០​យប់​ថ្ងៃ​១៣​កើត ខែមាឃ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ចន្ទ ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ នៃ​ព្រឹត្តិការណ៍​ជម្រើស​ជើងឯក​អាស៊ី​អាគ្នេយ៍ យុវជន​អាយុ​ក្រោម​២៣​ឆ្នាំ AFF U23 CHAMPIONSHIP 2022​។

មុន​ការ​ប្រកួត​របស់​កម្ពុជា និង​ព្រុយ​ណេ ក៏​មាន​១​ប្រកួត​ក្នុង​ពូ​ល A នេះ​ដែរ នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ​នេះ ដែល​ជា​ជំនួប​រវាង​ក្រុម​ទី​ម័​រ​ខាងកើត និង​ហ្វ៊ី​លី​ពី​ន វេលា​ម៉ោង ៤:០០ ល្ងាច នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។

ចំពោះ​២​ប្រកួត​បន្ទាប់​របស់​ម្ចាស់ផ្ទះ U23​កម្ពុជា នៅ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ ក្នុង​ពូ​ល A នេះ ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ហ្វ៊ី​លី​ពី​ន នា​ថ្ងៃ​ទី​១៧ កុម្ភៈ និង​ទី​ម័​រ​ខាងកើត នា​ថ្ងៃ​ទី​២០ កុម្ភៈ វេលា​ម៉ោង​៧:០០​យប់​ដូច​គ្នា និង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដូច​ៗ​គ្នា​។

ព្រឹត្តិការណ៍ AFF U23 CHAMPIONSHIP 2022 នៅ​សល់​១០​ប្រទេស​ចូលរួម ក្រោយ​ការ​ដកខ្លួន​របស់​ឥណ្ឌូ​ណេ​ស៊ី ដោយ​ពូ​ល A មាន​ម្ចាស់ផ្ទះ កម្ពុជា​, ព្រុយ​ណេ​, ហ្វ៊ី​លី​ពី​ន​, និង​ទី​ម័​រ​ខាងកើត ខណៈ​ពូ​ល B មាន ម៉ា​ឡេ​ស៊ី​, មី​យ៉ា​ន់​ម៉ា​, និង​ឡាវ​, រីឯ​ពូ​ល​C មាន ថៃ​, វៀតណាម​, និង​សិង្ហ​បុរី​។ ការ​ប្រកួត​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៤-២៦ ខែកុម្ភៈ ឆ្នាំ​២០២២​ដោយ​ប្រើប្រាស់​កីឡដ្ឋាន​ចំនួន​ពីរ គឺ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ និង​កីឡដ្ឋាន​ព្រី​ន​ស៍​។ វគ្គ​សន្សំ​ពិន្ទុ​ចាប់ផ្តើម​ប្រកួត​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​២២ ខែកុម្ភៈ ហើយ​ក្រុម​ចំណាត់ថ្នាក់​លេខ​១​នៃ​ពូ​ល​ទាំង​៣ បូក​នឹង​១​ក្រុម​ដែល​មាន​ចំណាត់ថ្នាក់​លេខ​២ ល្អ​ផ្តាច់​គេ​នឹង​បាន​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នា​ថ្ងៃ​ទី​២៤ ខែកុម្ភៈ និង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នឹង​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ដោយ​ចាប់ពី​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​ផ្តាច់ព្រ័ត្រ​ធ្វើ​ឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ទាំង​៤​ប្រកួត​។

គួរ​បញ្ជាក់​ថា ក្រុម​ជម្រើសជាតិ​បាល់ទាត់​កម្ពុជា ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក Keisuke Honda អ្នកចាត់ការ​ទូទៅ និង​លោក RYU HIROSE គ្រូ​បង្គោល​។ លោក Keisuke Honda បាន​និយាយ​ម្សិលមិញ​ថា លោក​សង្ឃឹមថា មនុស្ស​មួយ​ចំនួន​អាច​មក​កីឡដ្ឋាន​សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃនេះ​។ លោក​ដឹង​ថា វា​ប្រហែលជា​មិន​ងាយស្រួល​ទេ ចាប់តាំងពី​ស្ថានភាព​នេះ ប៉ុន្តែ​កីឡាករ​របស់​យើង និង​លោក​ត្រូវការ​អ្នកគាំទ្រ ៕

ប្រភប៖ ក្រសួងព័ត៌មាន