បាត់ដំបង ៖ គណៈប្រតិភូ ក្រុមអ្នកម្ដាយមនុស្សធម៌ ចូលរួមរំលែក ការខ្វះខាត និងផ្ដល់ក្តីស្រឡាញ់ ដោយមិនរើសអើងដែលដឹកនាំដោយលោកជំទាវ ញ៉ែមសាខន សម្ដេចក្រឡាហោមសខេង រួមជាមួយឯកឧត្តម លោកជំទាវ ជាក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តបាត់ដំបង និងរដ្ឋបាលខេត្តបាត់ដំបង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ មានកង់ចំនួន ១00 និងសម្ភារៈសិក្សាមួយចំនួន មកចែកជូនដល់សិស្សានុសិស្ស ក្រីក្រក្នុងស្រុកគាស់ក្រឡ កាល ពីព្រឹកថ្ងៃទី ១៣ ខែកុម្ភ:នេះ។
តាមរបាយការណ៍របស់ លោកអភិបាលនៃគណៈអភិបាល ស្រុកគាស់ក្រឡបានឱ្យដឹងថា ស្រុកគាស់ក្រឡមានអគារ សិក្សា ចំនួន ៦0 ខ្នង ក្នុងនោះអគារថ្ម ៤៩ ខ្នង និងអគារឈើ ១១ ខ្នង។ ក្នុងឆ្នាំសិក្សា ២០២១ ២០២២នេះ មានសិស្សសរុបចំនួន៧,៨៨៣ នាក់ ស្រី ៣,៨៧៦ នាក់ ក្នុងនោះ សិស្សវិទ្យាល័យចំនួន ១១១៥ នាក់ ស្រី ៥៩០ នាក់ សិស្សអនុវិទ្យាល័យចំនួន ១២១៨ នាក់ស្រី ៦១៨ នាក់ សិស្សបឋមសិក្សាចំនួន ៥៤៩៥ នាក់ ស្រី ២៦៣៩ នាក់ និងសិស្សមត្តេយ្យសិក្សា ចំនួន ៥៥ នាក់ ស្រី២៩នាក់ ក្នុងនោះសិស្សដែល មានជីវភាពខ្វះខាត ចំនួន ១៣១៩ នាក់ ស្រី ៦៦១ នាក់។
ក្នុងរបាយការណ៍ បានបញ្ជាក់ទៀតថា លទ្ធផលប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២០ ២០២១ កន្លងទៅថ្មីៗនេះ ក្នុងស្រុកគាស់ក្រឡ មានសិស្សថ្នាក់ទី ១២ ប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ចំនួន ១៩១ នាក់ ស្រី ១១៣ នាក់ ប្រឡងជាប់ចំនួន ១០៦ នាក់ ស្រី ៧០ នាក់ ក្នុងនោះជាប់និទ្ទេស A ១ នាក់ ស្រី និទ្ទេស B ១១នាក់ ស្រី៨នាក់ និទ្ទេស C ១៦ នាក់ ស្រី១២ នាក់ និទ្ទេស D ៣៣ នាក់ ស្រី ២២ នាក់ និង និទ្ទេស E ៤៥ នាក់ ស្រី ២៧ នាក់។
ក្នុងប្រសាសន៍សំណេះសំណាល ឯកឧត្តម សសុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជននិងកីឡា និងជាតំណាង ក្រុមអ្នកម្ដាយមនុស្សធម៌ បានបញ្ជាក់ថា ក្នុងនាមក្រុមអ្នកម្ដាយ មនុស្សធម៌ ទាំងអស់ មានក្តីសោមនស្សរីករាយ ដែលបាន ចូលរួមជាមួយក្រុមការងារ របស់រាជរដ្ឋាភិបាល ចុះមូលដ្ឋាន តាមបណ្ដាឃុំ ស្រុក ក្នុងខេត្តបាត់ដំបង ក្នុងការចែករំលែក ក៏ដូចជាការចូលរួមចំណែកកាត់បន្ថយអត្រាការលំបាក របស់បងប្អូន ពិសេសក្មួយៗជាសិស្សានុសិស្ស ក្រីក្រ ដែល កំពុងត្រូវការចាំបាច់នូវមធ្យោបាយ ក្នុងការធ្វើដំណើរទៅសិក្សារៀនសូត្រ។ ឯកឧត្តមបានបញ្ជាក់ទៀតថា តាមរយៈ ឯកឧត្តម ខាន់ម៉ាណេ តំណាងឱ្យលោកគ្រូអ្នកគ្រូ ក៏ដូចអ្នកម្ដាយមួយចំនួន បានសំណូមពរ ឱ្យជួយដោះស្រាយ នូវមធ្យោបាយធ្វើដំណើរ ទៅសិក្សារបស់ក្មួយៗក្រីក្រ។ ឆ្លើយតបនឹង សំណើនេះ ក្រុមអ្នកម្ដាយមនុស្សធម៌ បាន ដោះស្រាយជូន ជាបន្តបន្ទាប់ តាមសំណូមពរ នៅតាមបណ្ដាស្រុកជាច្រើន ក្នុងខេត្តបាត់ដំបង យើងនេះ។ ឯកឧត្តមបានបន្តទៀតថា នេះជាគោលបំណង ដ៏សំខាន់មួយ ក្នុងការផ្ដល់ឱកាស ដល់ក្មួយៗ ដែលជាទំពាំងស្នងឫស្សី ឱ្យមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការសិក្សា ឱ្យបានទាន់ពេលវេលា។ ឯកឧត្តមក៏បានជំរុញ លើកទឹកចិត្ត ដល់ក្មួយៗ ទាំងអស់ ឱ្យខំសិក្សា រៀនសូត្រ ឱ្យបានខ្លាំងក្លាថែមទៀត ព្រោះថា ចំណេះវិជ្ជា វាជាស្ពានមួយ ដ៏សំខាន់ សម្រាប់ក្មួយៗ ឆ្លងឱ្យផុតពីគ្រោះអវិជ្ជា នឹងធ្វើឱ្យក្មួយៗ ក្លាយទៅជា ធនធានមនុស្ស ដ៏មានតម្លៃ របស់ប្រទេសជាតិយើង។
តាមរយៈក្រសួងអប់រំ យុវជននិងកីឡា ក៏ដូចជាគោលការណ៍ របស់សម្ដេច ក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សាកលវិទ្យាល័យជាតិបាត់ដំបង ដែលជាគ្រឹះស្ថានអប់រំសិក្សារបស់រដ្ឋ ដែលកំពុងឈានមុខ នៅក្នុងខេត្តបាត់ដំបង ហើយក្នុងនោះ គឺមានមុខវិជ្ជាច្រើន ដែលអាចផ្ដល់ ជាអាហារូបករណ៍ ដល់ក្មួយៗជាសិស្សានុសិស្ស
ដែលមានវត្តមាននៅទីនេះ ក្រោយពីយើងបានរៀនចប់ មធ្យមសិក្សាទុតិយភូមិ ហើយចង់បន្តទៅឧត្តមសិក្សា គឺយើងមានអាហារូបករណ៍ ជាច្រើន សម្រាប់ សិស្សានុសិស្ស ក្រីក្រ ដែលមានបំណង ចង់រៀនបន្ត។ ពាក់ព័ន្ធទៅនឹងការការពារ ជំងឺកូវីដ១៩ ឯកឧត្តមក៏បានសំណូមពរ និងជំរុញដល់ ប្រជាពលរដ្ឋយើងទាំងអស់ ក៏ដូចជាសិស្សានុសិស្ស ឱ្យទៅចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ ១៩ ឱ្យបានគ្រប់គ្នា ស្របទៅតាមគោលការណ៍ របស់ក្រសួងសុខាភិបាល ក៏ដូចជា ទិសដៅរបស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជាយើងផងដែរ៕
ប្រភព៖ ក្រសួងព័ត៌មាន