អតីត​ខ្សែប្រយុទ្ធ​ក្រុម Leeds United ជឿជាក់​ថា Salah នឹង​អាច​ធ្វើ​រឿង​នេះ​បាន

0

អតីត​ខ្សែប្រយុទ្ធ​ក្រុម Leeds United លោក Noel Whelan ជឿជាក់​ថា កំពូល​តារា​ឆ្នើម​របស់ Liverpool គឺ Mohamed Salah នឹង​សម្លឹង​រក​ការ​ឈ្នះ​ពានរង្វាន់​បន្ថែម​ទៀត​ក្នុង​រដូវ​កាល​នេះ បន្ទាប់​ពី​ចាញ់​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Africa Cup of Nations (AFCON) ឆ្នាំ ២០២២​។

អេ​ហ្ស៊ី​ប​បាន​ជួប​សេ​ណេ​ហ្គា​ល់​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ AFCON ប៉ុន្តែ​ចាញ់​ដោយ​បាល់​ប៉េ​ណា​ល់​ទី បន្ទាប់​ពី​ការ​ប្រកួត​បាន​បញ្ចប់​ក្នុង​លទ្ធផល ០-០ ។ អេ​ហ្សី​ប​បាន​ចាញ់​ដោយ​បាល់​កាត់សេចក្តី ប៉េ​ណា​ល់​ទី​ក្នុង​លទ្ធផល ៤-២ ដោយ​មិត្ត​រួម​ក្រុម Liverpool របស់​គាត់ Sadio Mane បាន​ស៊ុត​បាល់​បញ្ចូល​ទី​ចុង​ក្រោយ ជួយ​ឲ្យ​សេ​នេ​ហ្គា​ល់​លើក​ពាន​។

ថ្លែង​ទៅ​កាន់ Football Insider លោក Whelan បាន​និយាយ​ថា​៖ «​ខ្ញុំ​ប្រាកដ​ណាស់​ថា គាត់​នឹង​មិន​បញ្ចប់​រដូវ​កាល​ដោយ​គ្មាន​ពានរង្វាន់​នោះ​ទេ​។ ការ​ចាញ់​នោះ​នៅ​ថ្ងៃអាទិត្យ​មុន ប្រហែលជា​នឹង​ផ្តល់​ឱ្យ​គាត់​នូវ​ការ​តាំងចិត្ត​កាន់តែ​ខ្លាំង​។ គាត់​អាច​ទៅ​ឈ្នះ​ពានរង្វាន់​មួយ​ចំនួន​ជាមួយនឹង Liverpool »​។

បញ្ជាក់​ផង​ដែរ​ថា Salah មាន​រដូវ​កាល​ដ៏​អស្ចារ្យ​សម្រាប់​ហង្ស​ក្រហម​មក​ទល់​ពេល​នេះ​។ ខ្សែប្រយុទ្ធ​រូប​នេះ ស៊ុត​បញ្ចូល​ទី​បាន ២៣ គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បញ្ចប់​ទី​ចំនួន ៩ ដង​ក្នុង​ការ​បង្ហាញខ្លួន ២៦ ប្រកួត​នៅ​គ្រប់ការ​ប្រកួត​ទាំងអស់​ក្នុង​រដូវ​កាល​នេះ​៕