Salah ផ្តល់​ក្តី​សង្ឃឹម​ដល់ Liverpool ក្រោយ​ពី​ការ​រខក​ចិត្ត​ក្នុង​ពាន AFCON

0

យោង​តាម​កាសែត The Times កីឡាករ Mohamed Salah នឹង​ត្រលប់​ទៅ​ហ្វឹកហាត់​ជាមួយ Liverpool នៅ​ថ្ងៃ​អង្គារ បន្ទាប់​ពី​ការ​ខកចិត្ត​ចុង​ក្រោយ​ក្នុង​ពានរង្វាន់ AFCON ។ កីឡាករ​សញ្ជាតិ​អេ​ហ្ស៊ី​ប​រូប​នេះ ត្រូវ​បាន​គេ​រាយការណ៍​ថា​ចង់​បង្ហាញ​ក្នុង​ការ​ប្រកួត​បន្ទាប់​របស់​ពួក​គេ​ទល់​នឹង Leicester City ក្នុង​ក្របខ័ណ្ឌ Premier League នៅ​ថ្ងៃ​ព្រហស្បតិ៍​។

ការ​ត្រលប់​មក​វិញ​របស់​កីឡាករ​សញ្ជាតិ​អេ​ហ្ស៊ី​ប​រូប​នេះ នឹង​ជា​ការ​ជំរុញ​ដ៏​ធំ​មួយ​សម្រាប់​អ្នកចាត់ការ Jurgen Klopp ក្នុង​ការ​ប្រជែង​ដណ្តើម​ពាន Premier League​។ បញ្ជាក់​ផង​ដែរ​ថា ជំនួប​ចុង​ក្រោយ​របស់​ហង្ស​ក្រហម ជាមួយនឹង​ក្រុម Leicester ក្រុម​របស់​លោក Klopp បាន​រង​បរាជ័យ ១-០ កាលពី​ខែធ្នូ​។

ពួក​គេ​នឹង​សម្លឹង​រក​ការ​សងសឹក​ចំពោះ​ការ​បរាជ័យ​នោះ ហើយ​បន្ត​ក្តៅ​គគុក​លើ​ក្រុម​កំពូល​តារាង Manchester City ដែល​បច្ចុប្បន្ន​កំពុង​នាំមុខ ៩​ពិន្ទុ​។ យ៉ាងណាមិញ ហង្ស​ក្រហម​មានការ​ប្រកួត​ក្នុង​ដៃ​៕