លោក Thomas Tuchel បានដាក់គោលដៅលើខ្សែការពារកណ្តាលរបស់ក្លិបអធិរាជសរ Real Madrid គឺកីឡាករ Eder Militao ខណៈដែលគាត់សង្ឃឹមថានឹងទាក់ទាញកីឡាករប្រេស៊ីលម្នាក់នេះមក Chelsea នៅរដូវក្តៅក្រោយ។
ជាការពិតណាស់ Militao គឺជាខែលការពារដ៏សំខាន់របស់ Real Madrid ក្នុងរដូវកាលនេះ បន្ទាប់ពីការចាកចេញរបស់ Raphael Varane និង Sergio Ramos ។
បច្ចុប្បន្ន Militao នៅសល់រយៈពេល ៣ ឆ្នាំកន្លះទៀតលើកិច្ចសន្យារបស់គាត់នៅ Real Madrid ខណៈដែលក្លិបក៏កំពុងបើកការពិភាក្សាជាមួយកីឡាករវ័យ ២៤ ឆ្នាំរូបនេះសម្រាប់ការបន្ត។
ទោះជាយ៉ាងណាក៏ដោយយោងទៅតាម AS អ្នកចាត់ការក្រុមតោខៀវលោក Tuchel បានធ្វើការស្នើយ៉ាងទទូចដល់ Chelsea ដើម្បីជំរុញឱ្យចុះហត្ថលេខាលើកីឡាករ Militao ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅក្រោយ។
ដោយឡែក ជម្រើសមួយទៀតសម្រាប់ Chelsea គឺខ្សែការពារ Jules Kounde របស់ Sevilla ដែលបានខិតជិតចូលរួមជាមួយក្រុមនៅទីក្រុងឡុងដ៍កាលពីរដូវក្តៅមុនផងដែរ។
គួររំលឹកថា Real Madrid បានចុះហត្ថលេខាលើ Militao ពី Porto នៅរដូវក្តៅឆ្នាំ ២០១៩ ក្នុងតម្លៃ ៤១ លានផោន ប៉ុន្តែកីឡាករសញ្ជាតិប្រេស៊ីលរូបនេះត្រូវបានគេនិយាយថា ជាអ្នករកប្រាក់ចំណូលទាបបំផុតរបស់ក្លឹបដែលមានប្រាក់ពលកម្ម ២,៥ លានផោនប៉ុណ្ណោះ ក្នុងមួយឆ្នាំ៕