Manchester United បានស្នើឱ្យកីឡាករដែលចង់ចាកចេញពីក្លឹប ពន្យារពេលការសម្រេចចិត្តរបស់ពួកគេ ខណៈដែលក្លិបចង់ឲ្យគ្រប់គ្នារង់ចាំអ្នកចាត់ការថ្មីមកដល់សិន។
ជាក់ស្តែង កីឡាករជាច្រើននាក់របស់ Man United នឹងឈានចូលដល់ខែចុងក្រោយនៃកិច្ចសន្យារបស់ពួកគេដូចជា Paul Pogba និង Jesse Lingard ខណៈដែល Donny van de Beek និង Anthony Martial បានចាកចេញជាមួយនឹងលក្ខខណ្ឌខ្ចីជើង។
យោងតាម ESPN បានឱ្យដឹងថា Manchester United សង្ឃឹមថាអ្នកចាត់ការថ្មី អាចបញ្ចុះបញ្ចូលកីឡាករមួយចំនួនឱ្យស្នាក់នៅបន្ត។
លោក Mauricio Pochettino របស់ក្លឹប Paris Saint-Germain ត្រូវបានគេមើលឃើញថាជាអ្នកស័ក្តិសមក្នុងការជំនួសតំណែងអ្នកចាត់ការបណ្តោះអាសន្នលោក Ralf Rangnick ខណៈដែលលោក Erik ten Hag របស់ Ajax ក៏កំពុងត្រូវបានពិចារណាផងដែរ។
យ៉ាងណាមិញសម្រាប់ Pogba នៅមិនទាន់បានលេងក្រោមការដឹកនាំរបស់ Rangnick នៅឡើយទេ ខណៈដែលគាត់បានអវត្តមានជាមួយនឹងរបួសសរសៃពួរ ដែលគាត់បានរងរបួសកាលពីខែវិច្ឆិកា។ ហើយ Rangnick ត្រូវបានគេនិយាយថា ជាអ្នកគាំទ្រដ៏ធំរបស់ Pogba ដែលអាចមានឥទ្ធិពលលើការសម្រេចចិត្តរបស់កីឡាករសញ្ជាតិបារាំងរូបនេះ ទាក់ទងនឹងអនាគតរបស់គាត់នៅ Old Trafford ៕