Mason Greenwood ជួប​បញ្ហា​ផ្ទួន​ៗ

0

ក្លិប​បិសាច​ក្រហម Manchester United បាន​ប្រកាស​ឈប់​លក់​អាវ​របស់ Mason Greenwood តាម​អន​ឡាញ ហើយ Nike ក៏​បាន​ប្រកាស​ផ្អាក​ទំនាក់ទំនង​ការងារ​របស់​ខ្លួន​ជាមួយ​ខ្សែប្រយុទ្ធ​រូប​នេះ បន្ទាប់​ពី “​ការ​ចោទប្រកាន់​” ។

គួរ​រំលឹក​ថា ខ្សែប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​វ័យ 20​ឆ្នាំ​រូប​នេះ ត្រូវ​បាន​ក្លឹ​ប Man United ព្យួរការងារ​កាលពី​ថ្ងៃអាទិត្យ​ទី 30 ខែមករា បន្ទាប់​ពី​រូបភាព និង​សំឡេង​នៃ​បទល្មើស​ដែល​ត្រូវ​បាន​ចោទប្រកាន់ ត្រូវ​បាន​ចែកចាយ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។ ហើយ​ប៉ូ​លី​ស Greater Manchester ក៏​បាន​បញ្ជាក់​ដែរ​ថា Greenwood ត្រូវ​បាន​ចាប់ខ្លួន ក្រោម​ការ​សង្ស័យ​ពី​បទ​រំលោភ និង​អំពើ​ហិង្សា​។

បច្ចុប្បន្ន អតិថិជន​មិន​អាច​ជ្រើសរើស​ឈ្មោះ​របស់​កីឡាករ​វ័យ 20 ឆ្នាំ​រូប​នេះ ជា​ជម្រើស​សម្រាប់​ផលិតផល​បាន​ឡើយ ហើយ​ឈ្មោះ Greenwood ក៏​មិន​អាច​មើលឃើញ​នៅ​ក្នុង​បញ្ជី​កីឡាករ​នៅ​លើ​ហាង​អន​ឡាញ​ផ្លូវការ​របស់​ក្លឹ​ប​ទៀត​ទេ​។

ទន្ទឹម​នឹង​នោះ អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​សម្លៀក​បំពាក់​កីឡា​យក្ស Nike បាន​ប្រាប់ Reuters ថា ៖ «​យើង​បាន​ផ្អាក​ទំនាក់ទំនង​របស់​យើង​ជាមួយនឹង Mason Greenwood ហើយ​»​។

«​យើង​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ចំពោះ​ការ​ចោទប្រកាន់​ដែល​រំខាន ហើយនឹង​បន្ត​តាមដាន​ស្ថានការណ៍​យ៉ាង​ដិត​ដល់​»៕