លោក Ole Gunnar Solskjaer បានត្រលប់មក Manchester United វិញហើយ ដើម្បីមកទស្សនាកូនស្រីរបស់លោក លេងនៅក្នុងការប្រកួតក្រុមនារីក្រោមអាយុ ២១ឆ្នាំសម្រាប់ក្រុមបិសាចក្រហម។
ពិតណាស់ បុរសជនជាតិន័រវែសរូបនេះ ត្រូវបានបណ្ដេញចេញពីតំណែងអ្នកចាត់ការក្លិប Man Utd កាលពីខែវិច្ឆិកា បន្ទាប់ពីមិនទទួលបានលទ្ធផលល្អជាច្រើនប្រកួតជាបន្ដបន្ទាប់។ ប៉ុន្ដែលោក នៅតែទទួលបានការគោរពពីសំណាក់អ្នកគាំទ្រក្រុមបិសាចក្រហម។
ក្រៅពីប្រវត្តិជាកីឡាករឆ្នើមធ្លាប់ជួយ Man Utd ឈ្នះពានជាច្រើន លោក Solskjaer មានទំនាក់ទំនងជាមួយគ្រួសារម្ចាស់ក្លឹបយ៉ាងជិតស្និទ្ធផងដែរ។
កូនស្រីរបស់លោកឈ្មោះ Klarna វ័យ១៨ឆ្នាំ បានចូលរួមលេងក្រុមថ្នាលនារីរបស់ Man Utd។ នាងបានចូលរួមការប្រកួតកាលពីថ្មីៗនេះ ដែលក្រុម U21 របស់ Man Utd បានយកឈ្នះ Aston Villa ដោយលទ្ធផល ៥-០។
លោក Solskjaer មានទឹកមុខរីករាយ សម្រាប់ការចំណាយពេលជាមួយគ្រួសារ បន្ទាប់ពីបញ្ចប់បេសកកម្មយ៉ាងលំបាក ក្នុងនាមជាអ្នកចាត់ការក្រុមបិសាចក្រហម។ ក្រោយចាកចេញពី Man Utd លោកបានត្រលប់ទៅរស់នៅប្រទេសនរវែសជាមួយក្រុមគ្រួសាររបស់លោក៕