កីឡាករ Achraf Hakimi ទើបតែចូលរួមចំណែកបានយ៉ាងល្អ ក្នុងការជួយក្រុមជម្រើសជាតិម៉ារ៉ុក យកឈ្នះទៅលើម៉ាឡាវី ដែលបានជួយក្រុមរបស់ខ្លួនអាចឡើងទៅកាន់វគ្គបន្ទាប់ ៨ ក្រុមចុងក្រោយនៅពានរង្វាន់ Africa Cup of Nations។
តាមរយៈគ្រាប់បាល់ Free-Kick នៅរយៈចម្ងាយ ៣២ ម៉ែត្ររបស់ខ្សែការពារស្លាបរូបនេះ បាននឹងកំពុងធ្វើឲ្យគ្រប់គ្នាមានការចាប់អារម្មណ៍ជាខ្លាំង ដល់ថ្នាក់សូម្បីតែអ្នកចាត់ការក្រុម និងកីឡាករ Kylian Mbappe ក៏សរសើរផងដែរថា Hakimi គឺជាខ្សែការពារស្លាបដ៏ល្អដាច់គេនៅពេលបច្ចុប្បន្ននេះ។
យ៉ាងណាក្តីបើតាមការលើកឡើងរបស់សាមីខ្លួន Hakimi ផ្ទាល់ក៏បានបង្ហើបដែរថា ពេលវិលត្រលប់ទៅលេងឲ្យក្លឹបសេដ្ឋីបារាំង PSG វិញនោះគេនឹងសួរនាំ Lionel Messi ឬក៏ Neymar Jr អំពីការផ្ទេរតំណែងអ្នកស៊ុត Free-Kick ឬលើក Corner មកឲ្យខ្លួនជាអ្នករ៉ាប់រងវិញ។
ក្រោយជួយក្រុមយកឈ្នះ ២-១ នៅ AFCON ស្រាប់តែ Hakimi និយាយ៖ “វាអាចជារឿងពិបាក ព្រោះអ្នកដឹងស្រាប់ហើយនៅ PSG សម្បូរជើងស៊ុត Free-Kick ច្រើនណាស់ តែយ៉ាងណាខ្ញុំនឹងព្យាយាមនិយាយជាមួយ Leo ឬ Neymar អំពីរឿងហ្នឹង គ្រាន់ថាពេលនេះខ្ញុំនឹងបន្តផ្តោតលើការជួយជម្រើសជាតិសិន សឹមពេលបន្ទាប់ចាំគិតពីការលេងឲ្យក្លឹបបែបណាទៀត”៕