ប៉ៃលីន៖ កាលពីយប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ មានការភ្ញាក់ផ្អើលមួយក្រោយមានករណីជនមិនស្គាល់អត្តសញ្ញាណ បានផ្ញើរប្រអប់គ្រាប់បែកកែច្នៃមួយតាមក្រុមហ៊ុនJ&T នៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលីន ខេត្តប៉ៃលីន។ ក្នុងនោះសមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតតាមចាប់ខ្លួន ជនសង្ស័យខាងលើផងដែរ។
បើតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនមិនស្គាល់អត្តសញ្ញាណដែលបានទាក់ទងផ្ញើប្រអប់មួយតាមរយៈក្រុមហ៊ុន J&T ហើយត្រូវក្រុមហ៊ុនកើតការសង្ស័យក៏បើកមើលស្រាប់តែឃើញគ្រាប់បែកកែច្នៃដាក់ក្នុងប្រអប់នោះ។
ប្រភពដដែរបានបន្តថាដំបូងមានជនមិនស្គាល់អត្តសញ្ញាណ បានទូរសព្ទមកក្រុមហ៊ុនJ&T ហើយប្រាប់ថាឱ្យទៅយកអីវ៉ាន់ នៅម្តុំតារាងបាល់ខាងកើតរូបសំណាកលោកយាយយ៉ាត។ បន្ទាប់មកបុគ្គលិកក្រុមហ៊ុនបានទៅយកអីវ៉ាន់ពីជននោះ។ ពេលយកមកដល់ក្រុមហ៊ុនខាងក្រុមហ៊ុនកើតក្តី្តសង្ស័យក៏បានបើកមើលស្រាប់តែមានអណ្តាតភ្លើងឆេះឡើង។ តែត្រូវបានបុគ្គលិកយកទឹកចាក់ពន្លត់ទាន់។
មន្ត្រីជំនាញនៃអង្គការ CMAC បានបញ្ជាក់ថា អីវ៉ាន់នេះជាប្រភេទគ្រាប់បែកកែច្នៃដែលមានកម្លាំងផ្ទុះស្មើកម្លាំងមីនតោនរួចក៏យកទៅរក្សាទុករង់ចាំកម្ទេចចោល។ទោះយ៉ាងណាក្តីសមត្ថកិច្ចកំពុងស៊ើបអង្កេតស្រាវជ្រាវតាមចាប់ខ្លួនជនពាក់ព័ន្ធយកមកផ្តន្ទាទោសតាមច្បាប់៕
ប្រភព៖ សហការី