ក្លិប Atletico Madrid គ្រោងចុះហត្ថលេខាផ្ទេរយកខ្សែប្រយុទ្ធ Lucas Boye ពីក្លិប Elche មកជំនួសខ្សែប្រយុទ្ធចាស់វស្សា Luis Suarez នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ AS។
គម្រោងនៃការផ្ទេរនេះ ត្រូវបានគ្រោងឡើងនៅរដូវក្ដៅខាងមុខ ប៉ុន្ដែដោយសារកម្រិតសមត្ថភាពរបស់ Boye មានការកើនឡើងក្នុងរយៈពេលថ្មីៗនេះ ក៏បានទាក់ចិត្តក្លិប Barcelona ឱ្យចង់បានរូបគេផងដែរ។
យ៉ាងណាមិញ តម្លៃផ្ដាច់កុងត្រារបស់ ខ្សែប្រយុទ្ធវ័យក្មេងរូបនេះនៅ Elche ថ្លៃ ២៥លានអឺរ៉ូ ប៉ុន្ដែក្លិបរបស់គេមិនចង់បាត់បង់ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះឡើយ។
ខ្សែប្រយុទ្ធ Dario Benedetto បានចាកចេញពីក្លិបទៅចូលរួម Boca Juniors កាលពីសប្ដាហ៍មុន ដែលធ្វើឱ្យ Elche នៅសល់ជម្រើសខ្សែប្រយុទ្ធកីឡាករ Lucas Perez, Guido Carrillo និង Pere Milla ប៉ុណ្ណោះនៅក្នុងក្រុមធំ។
មធ្យោបាយតែមួយដែលអាចឱ្យ Boye ចាកចេញបានលុះត្រាតែមានក្លិបហ៊ានចំណាយផ្ដាច់កុងត្រាកីឡាកររូបនេះ។ តម្លៃផ្ទេររបស់គេអាចធ្លាក់ត្រឹម ១០លានអឺរ៉ូនៅរដូវក្ដៅខាងមុខ ប្រសិនបើ Elche ធ្លាក់ចេញពីលីគកំពូលអេស្ប៉ាញ។
គួរជម្រាបថា Boye វ័យ២៥ឆ្នាំ រកគ្រាប់បាល់បាន៧គ្រាប់ពីការលេង ១៧ប្រកួតក្នុងរដូវកាលនេះ។ គេបានខកខានចូលរួម៥ប្រកួតដោយសារបញ្ហារបួសកជើង និងកូវីដ-១៩៕