គ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Ralf Rangnick បានប្រាប់ Cristiano Ronaldo ថាឱ្យក្លាយជាអ្នកចាត់ការទូទៅ បន្ទាប់ពីគាត់ចូលនិវត្តន៍ ដោយបន្ថែមថា នៅថ្ងៃណាមួយ តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់រូបនេះ នឹងយល់ពីមូលហេតុដែលគាត់ត្រូវផ្លាស់ប្តូរក្នុងស្ថានភាពជាក់លាក់។
គួររំលឹកថា Ronaldo មានការខកចិត្តយ៉ាងខ្លាំងនៅពេលដែលត្រូវបានប្តូរចេញក្នុងជ័យជម្នះថ្មីៗនេះរបស់ Man Utd លើ Brentford ដោយទទួលបានការរិះគន់ចំពោះប្រតិកម្មរបស់គាត់ ក្រោយត្រូវបានដកចេញពីការប្រកួត។
ប៉ុន្តែ Rangnick មិនបកស្រាយការផ្ទុះកំហឹងរបស់ Ronaldo ថាជាសញ្ញានៃការមិនគោរពនោះទេ។ Rangnick បាននិយាយថា “ខ្ញុំមិនបានឃើញ ឬបកស្រាយអ្វីទាំងអស់ ដែលថាគាត់កំពុងប្រជែងខ្ញុំ” ។ «គាត់គ្រាន់តែបង្ហាញអារម្មណ៍ហួសហេតុពេក ដែលគាត់មិនសប្បាយចិត្តក្នុងការជំនួស។ ប៉ុន្តែដូចខ្ញុំនិយាយ នេះមិនមែនជាលើកទីមួយទេ»។
«ខ្ញុំគិតថាប្រសិនបើអ្នកក្រឡេកមើលពេលដែលលោក Sir Alex Ferguson ឬគ្រូបង្វឹកផ្សេងទៀតដូចជា Maurizio Sarri ឬអ្នកណាក៏ដោយកាលពីអតីតកាល ប្រតិកម្មរបស់គាត់គឺស្រដៀងគ្នាណាស់នៅពេលពួកគេផ្លាស់ប្តូរគាត់ចេញ ដែលវាគ្រាន់ជាការបង្ហាញពីមហិច្ឆតារបស់គាត់ និងបំណងប្រាថ្នារបស់គាត់ផ្ទាល់ ក្នុងការបន្តនៅលើទីលាន»។
គាត់បន្តទៀតថា «ខ្ញុំគិតថានៅដំណាក់កាលមួយ Cristiano ក៏នឹងក្លាយជាអ្នកគ្រប់គ្រង ប្រហែលជាពីរបីឆ្នាំទៀត ឬប្រហែលជា ១០ ឆ្នាំទៀត នោះគាត់នឹងនឹងយល់ពីអារម្មណ៍របស់គ្រូបង្វឹក»។ «ម្យ៉ាងវិញទៀត នៅចំពោះមុខកាមេរ៉ាទូរទស្សន៍ ខ្ញុំមិនគិតថា ការធ្វើបែបនេះដើម្បីផលប្រយោជន៍អ្នកណានោះទេ មិនមែនដើម្បីផលប្រយោជន៍របស់គាត់ មិនមែនដើម្បីផលប្រយោជន៍មិត្តរួមក្រុមនោះទេ ហើយខ្ញុំក៏មិនបានខឹងនឹងគាត់ដែរ»៕