តោះ​មក​ដឹង​ថា​តើ Lewandowski ឆ្លើយ​បែប​ណា ក្រោយ​គេ​សួរ​ថា ហេតុ​អ្វី Messi មិន​បោះ​ឆ្នោត​ឲ្យ​ខ្លួន?

0

ជា​ការ​ពិត​ណាស់ នៅ​ក្នុង​ចំណោម​កីឡាករ ៣ រូប​ដែល Lionel Messi បោះ​ឆ្នោត​ឲ្យ​ក្នុង​នាម​តំណាង​ឲ្យ​ប្រធាន​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន គឺ​គ្មាន​ឈ្មោះ Robert Lewandowski នោះ​ទេ ផ្ទុយ​ទៅ​វិញ​មាន Neymar, Kylian Mbappe និង Karim Benzema​។

នេះ​គឺ​ផ្ទុយ​ស្រឡះ ពី​ការ​សម្រេច​របស់ Lewandowski ដែល​ចំណោម ៣ រូប​ក៏​មាន Leo Messi ម្នាក់​ដែរ​។ ទោះជា​យ៉ាងណា ចុង​ក្រោយ​កីឡាករ​ប៉ូ​ឡូញ​រូប​នេះ នៅ​តែ​ក្លាយជា​ម្ចាស់​ពាន​ឯកត្តជន The Best Men’s Player of the Year របស់ FIFA ដែល​ទើប​ប្រកាស​កាលពី​ថ្ងៃ​ទី ១៧ មក​រា ក្នុង​ប្រទេស​ស្វី​ស​។

យ៉ាងណាមិញ ក៏​មាន​សំនួរ​ពី​អ្នក​សារព័ត៌មាន ថា​តើ​យល់​ឃើញ​បែប​ណា​ក្រោយ Messi មិន​បោះ​ឆ្នោត​ឲ្យ​ឈ្មោះ​របស់​ខ្លួន? ស្រាប់តែ​កីឡាករ​របស់​ក្លឹ​ប Bayern Munich ឆ្លើយ​ថា​៖ «​អ្នក​អាច​ទៅ​សួរ​គាត់​ដោយ​ខ្លួនឯង កាល​នៅ Ballon d’Or គាត់​បោះ​ឲ្យ​ខ្ញុំ​នៅ​លេខ​រៀង​ទី ២ តែ​ពេលវេលា​វា​ខុស​គ្នា ខ្ញុំ​អត់​អាច​និយាយ​បែប​ណា​ទៀត​ទេ គ្រាន់តែ​ថា​សារ​នេះ ខ្ញុំ​ក៏​បោះ​ឲ្យ​គាត់​ឈរ​នៅ​លេខ​រៀង​ទី ២ វិញ​ដែរ​»​។

គួរ​រំលឹក​ថា នេះ​ជា​ពានរង្វាន់​ឯកត្តជន The Best លើក​ទី ២ ហើយ​សម្រាប់​កីឡាករ​វ័យ ៣៣ ឆ្នាំ​រូប​នេះ​។ ហើយ​អ្វី​ដែល​គេ​ចាប់អារម្មណ៍​បំផុត Lewandowski សារ​នេះ​បោះ​ឆ្នោត​ខុស​ពី​ការ​យល់​ឃើញ​របស់​មតិ​ភាគច្រើន ដោយ​លោក​បាន​ដាក់​ទាំង​ឈ្មោះ Messi និង Ronaldo នៅ​លេខ​រៀង​ទី ២-៣ រីឯ​អ្នក​លេខ ១ គឺ Jorginho​។ តាម​ពិត​ទៅ​ភាគច្រើន មិន​ងាយ​មាន​នរណា​ដែល​បោះ​ឆ្នោត​ឲ្យ​ទាំង​ឈ្មោះ Messi/Ronaldo ព្រម​គ្នា​បែប​នេះ​ទេ​៕