ក្លិបស្ករគ្រាប់ Everton កំពុងបង្ហាញការចាប់អារម្មណ៍គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិក ដើម្បីមកកាន់តំណែងអ្នកចាត់ការក្លិប ដែលកំពុងទំនេរ ក្រោយពួកគេបានបញ្ចប់តំណែងលោក Rafa Benitez។
ក្លិបដែលមានមូលដ្ឋាននៅ Merseyside ត្រូវបានរាយការណ៍ថា ចង់បានអតីតគ្រូបង្វឹករបស់ពួកគេត្រលប់មកទឹកដី Goodison Park ជាថ្មី ហើយក៏បានធ្វើការទាក់ទងទៅកាន់សហព័ន្ធកីឡាបាល់ទាត់បែលហ្ស៊ិក ជុំវិញសំណើនេះ។
លោក Martinez ជាម្នាក់នៅក្នុងចំណោមបេក្ខភាពដែល Everton ចង់បានមកដឹកនាំក្រុមជំនួសអតីតគ្រូបង្វឹកក្រុម Liverpool លោក Benitez។ លោក Martinez ធ្លាប់ដឹកនាំ Everton ម្ដងចន្លោះពីឆ្នាំ២០១៣ ដល់ ២០១៦។
បន្ទាប់មកលោកបានក្លាយជាគ្រូបង្វឹកជម្រើសជាតិបែលហ្ស៊ិក ក្នុងខែសីហា ឆ្នាំ២០១៦ ដោយបានជួយពួកគេទទួលបានលេខ៣ ក្នុងព្រឹត្តិការណ៍ FIFA World Cup 2018។
អ្វីដែលកាន់តែពិសេសនោះគឺ ក្រុមបែលហ្ស៊ិក បានកាន់កាប់តំណែងលេខ១ក្នុងតារាងចំណាត់ថ្នាក់របស់ FIFA ហើយពួកគេជាក្រុមមួយដែលមានក្ដីរំពឹងខ្ពស់ថា អាចប្រជែងតំណែងជើងឯក World Cup 2022 ខាងមុខនេះ៕