ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្លឹប Manchester United បានចាត់ទុកតារាឆ្នើមប្រេស៊ីល Ronaldo Nazario និង Ronaldinho ថាជានិមិត្តរូបក្នុងដួងចិត្តរបស់គាត់។
ខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំរូបនេះបាននិយាយថា គាត់ចាប់អារម្មណ៍នឹងទេព្យកោសល្យរបស់អ្នកទាំងពីរ។ Nazario បានឈ្នះ World Cup ក្នុងឆ្នាំ 1994 និង 2002 ខណៈដែល Ronaldinho គឺជាផ្នែកមួយនៃការឈ្នះពានចុងក្រោយរបស់ប្រេស៊ីល។
នៅក្នុងបទសម្ភាសន៍ជាមួយ ESPN Brasil កំពូលតារាឆ្នើមព័រទុយហ្គាល់បាននិយាយថា៖ «ខ្ញុំមិនចូលចិត្តការប្រៀបធៀបទេ។ កីឡាករទាំងពីរ Ronaldo Nazario និង Ronaldinho បានបន្សល់ទុកនូវកេរដំណែល ដែលជាប្រវត្តិសាស្ត្ររបស់ពួកគេ។ ខ្ញុំអាចនិយាយបានថា ខ្ញុំបានឈ្នះពានរង្វាន់បុគ្គលច្រើនជាងពួកគេ ប៉ុន្តែពួកគេទាំងពីរបានឈ្នះការប្រកួតបាល់ទាត់ពិភពលោក។ ខ្ញុំពិតជាស្ញើចសរសើរពួកគេខ្លាំងណាស់ ខ្ញុំធំឡើងមើលពួកគេទាំងពីរលេង។ ការនិយាយថាអ្នកណាល្អជាងគេ ឬអ្នកណាទីពីរ មិនមែនជារឿងសំខាន់បំផុតទេ។ ពួកគេជា idol របស់ខ្ញុំ ហើយបានបន្សល់ទុកនូវប្រវត្តិសាស្ត្រដ៏ស្រស់បំព្រងក្នុងពិភពបាល់ទាត់។
Ronaldo និង Ronaldinho គឺជាតារាឆ្នើមពីររូបក្នុងវិស័យបាល់ទាត់ក្នុងអំឡុងដើមសតវត្សរ៍ទី 21។ Ronaldo Nazario គឺជាខ្សែប្រយុទ្ធកណ្តាលដែលមុតស្រួចបំផុតក្នុងសម័យរបស់គាត់ ហើយបានលេងឱ្យក្លឹបធំៗមួយចំនួន រួមទាំង Real Madrid និង Barcelona ផងដែរ។ តារាប្រេស៊ីលរូបនេះក៏បានឈ្នះ Ballon d’Or ចំនួនពីរផងដែរ គឺក្នុងឆ្នាំ 1997 និង 2002 ។
ទន្ទឹមនឹងនោះ Ronaldinho មានភាពល្បីល្បាញដោយសារជំនាញ និងសមត្ថភាពគ្រប់គ្រងបាល់។ អតីតកីឡាករ Barcelona លេខ 10 ក៏បានឈ្នះពានរង្វាន់ Ballon d’Or ផងដែរ ក្នុងឆ្នាំ 2005 ។ កីឡាករវ័យ 41 ឆ្នាំរូបនេះក៏បានលេងឱ្យក្លឹបយក្សនៅអឺរ៉ុបដូចជា Paris Saint-Germain និង AC Milan ផងដែរ៕