Klopp ចេញ​មុខ​អះអាង អំពី​កុងត្រា​ជាមួយ Salah (​មាន​វី​ដេ​អូ​)

0

លោក Jurgen Klopp ទទូច​ថា Liverpool និង Mohamed Salah ស្ថិត​ក្នុង​កន្លែង​ដ៏​ល្អ​មួយ ដើម្បី​ធានា​អនាគត​របស់​ខ្សែប្រយុទ្ធ​នៅ​ក្លឹ​ប ខណៈ​ដែល​ការ​ចរចា​កិច្ចសន្យា​នៅ​តែ​បន្ត​។

ពិត​ណាស់ Salah នៅ​សល់​កុងត្រា ១៨ ខែ​ទៀត ហើយ​ការ​និយាយ​អំពី​អនាគត​របស់​គាត់​នៅ Liverpool បាន​ទទួល​ការ​ចាប់អារម្មណ៍​ខ្លាំង​ក្នុង​ស​ប្តា​ហ៍​នេះ បន្ទាប់​ពី​គាត់​បាន​ចូលរួម​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ GQ ហើយ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​គាត់​មិន​សុំ “​រឿង​ឆ្កួត​ៗ” ពី​ក្លឹ​ប​នោះ​ទេ​។

អនាគត​របស់​កីឡាករ​វ័យ ២៩ ឆ្នាំ​រូប​នេះ​នៅ Liverpool បាន​ក្លាយជា​ការ​ពិភាក្សា​របស់​ក្រុម​ផ្សេង​ៗ​ជា​ច្រើន​ក្នុង​រដូវ​កាល​នេះ ដោយ Klopp ត្រូវ​បាន​សួរ​អំពី​ស្ថានភាព​នេះ​កាលពី​ថ្ងៃ​ពុធ​។

លោក Klopp បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការ​ប្រកួត​កាលពី​ថ្ងៃ​ពុធ​ថា “​គ្មាន​អ្វី​ដែល​មិន​នឹក​ស្មាន​ដល់​នោះ​ទេ​។ ខ្ញុំ​ដឹង​ថា Mo ចង់​នៅ ហើយ​យើង​ក៏​ចង់បាន Mo ឲ្យ​បន្ត​ស្នាក់​នៅ​។ ខ្ញុំ​គិត​ថា​វា​ស្ថិត​នៅ​ក្នុង​កន្លែង​ដ៏​ល្អ ខ្ញុំ​មាន​ភាព​វិជ្ជមាន​ខ្លាំង​ណាស់​ចំពោះ​វា អ្នកគាំទ្រ​មិន​គួរ​ភ័យ​ខ្លាច​ដូច​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទេ​។ ពួក​គេ​ស្គាល់​ក្លឹ​ប និង​ស្គាល់​មនុស្ស​ដែល​ដោះស្រាយ​រឿង​នៅ​ទី​នេះ​។ យើង​មិន​អាច​និយាយ​អ្វី​អំពី​វា​បាន​ទេ​”៕