Warnock និយាយ​អំពី​ចំនុច​ខ្វះខាត របស់​បិសាច​ក្រហម​បច្ចុប្បន្ន

0

អតីត​អ្នកចាត់ការ​ក្លិប Middlesbrough លោក Neil Warnock និយាយ​ថា លោក​នឹង​មិន​ប្ដូរ​ខ្សែការពារ​ណា​ម្នាក់​ក្នុង​ក្រុម​របស់​លោក​ជាមួយ Manchester United នោះ​ទេ ខណៈ​ដែល​ក្រុម​បិសាច​ក្រហម កំពុង​មាន​បញ្ហា​ច្រើន​នៅ​តំបន់​ការពារ​។

Man Utd បាន​ធានា​កៅអី​ទៅ​ជុំ​ទី​៤ FA Cup បន្ទាប់​ពី​ពួក​គេ​បាន​យកឈ្នះ Aston Villa ដោយ​លទ្ធផល ១-០ ទាំង​ចម្រូងចម្រាស់​។ ក្រុម​របស់​លោក Ralf Rangnick លេង​ការពារ​ពុំ​បាន​ល្អ​នោះ​ឡើយ ដោយ​បណ្ដោយ​ឱ្យ​ខ្សែប្រយុទ្ធ Danny Ings មានឱកាស​ស៊ុត​បញ្ចូល​ទី ប៉ុន្ដែ​គ្រាប់​បាល់​ត្រូវ​បាន​ច្រានចោល ក្រោយ​ពិនិត្យ VAR​។

លោក Warnock ដែល​បាន​ចាក​ចេញពី​តំណែង​នៅ Middlesbrough កាលពី​ខែវិច្ឆិកា បាន​លើក​ឡើង​ថា ក្រុម​មក​ពី​លី​គ​ទី​២​អង់គ្លេស​មួយ​នេះ មានឱកាស​ពាក់កណ្ដាល នៅ​ពេល​ដែល​ពួក​គេ​ជួប​ក្រុម​ជើងឯក FA Cup ១២​សម័យ នៅ Old Trafford នា​ខែកុម្ភៈ​ខាង​មុខ​នេះ​។

លោក Warnock បាន​និយាយ​ថា​៖ “​ពួក​គេ​នឹង​ជួប​ក្រុម​ចាស់​របស់ខ្ញុំ Middlesbrough នៅ​ជុំ​បន្ទាប់​នៃ​ពានរង្វាន់ FA Cup ហើយ​ខ្ញុំ​មិន​ប្ដូរ​កីឡាករ​ណា​ម្នាក់​នៅ​តំបន់​ខាងក្រោយ​ទាំង​បី​របស់ Middlesbrough ដូច​ជា Dael Fry, Anfernee Dijksteele និង Paddy McNair នោះ​ទេ​។ ខ្ញុំ​គិត​ថា​ពួក​គេ​ការពារ​បាន​ល្អ​ជាង​ក្រុម Man United”៕