ដោយ​ខ្វះជើង Chelsea ចង់​ហៅ​ខ្សែការពារ​ម្នាក់​នេះ​ត្រឡប់​មក​វិញ

0

យោង​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា គ្រូបង្វឹក​ក្រុម​តោ​ខៀវ Chelsea លោក Thomas Tuchel ចង់​ហៅ​ខ្សែការពារ Emerson Palmeiri ត្រឡប់​មក​រួម​ក្រុម​វិញ បន្ទាប់​ពី​អនុញ្ញាតិ​ឲ្យ​រូបគេ​ចាកចេញ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​នៅ​ក្លិប Lyon ឯ​ក្រប​ខណ្ឌ Ligue 1 ។

មុន​ដំបូង Chelsea មិន​ចង់​ហៅ​កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល​កាត់ អ៊ី​តា​លី​រូប​នេះ​មក​វិញ​ឡើយ តែ​ដោយសារ​ក្រុម​ទំនងជា​ទិញ​យក​ខ្សែការពារ Lucas Digne ពី​ក្លិប​ស្ករ​គ្រាប់ Everton មិន​បាន ខណៈ​ដែល​ត្រូវការ​ខ្សែការពារ​ជា​ចាំបាច់​ព្រោះ Ben Chilwell បាន​រង​របួស និង​ត្រូវ​សម្រាក​ព្យាបាល​រហូត​ដល់​ចប់​រដូវ​កាល​។

គួរ​ជម្រាប​ថា Palmeiri បាន​ចូលរួម​ជាមួយ​ក្លិប Lyon ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពេញ​មួយ​រដូវ​កាល​តែ​ម្ដង ដោយ​បង្ហាញខ្លួន​បាន ១៥​ប្រកួត និង​ស៊ុត​បញ្ចូល​ទី​បាន ១​គ្រាប់​។

អ្នកកាសែត Fabrizio Romano បាន​បង្ហើប​ថា​៖ Chelsea ព្យាយាម​ហៅ Emerson Palmeiri ត្រឡប់​មក​វិញ ដោយសារ Tuchel ចង់បាន​គេ​។ Lyon បាន​បដិសេធ​ម្ដង​រួច​មក​ហើយ​តែ Chelsea កំពុង​ចរចា​ម្ដងទៀត ដោយ​នឹង​រៀបចំ​ឲ្យ​មាន​ទឹកប្រាក់​សងជំងឺចិត្ត​ផង​ដែរ​៕