អតីតកីឡាកររបស់ក្លឹប West Ham លោក Frank McAvennie បានរិះគន់កីឡាករ Marcus Rashford, Mason Greenwood និង Jadon Sancho របស់ Manchester United ចំពោះការធ្វើមិនបានគ្រប់គ្រាន់សម្រាប់ក្លឹប បន្ទាប់ពីចាញ់ Wolves ១-០ នៅ Old Trafford ។
អតីតកីឡាករជម្រើសជាតិស្កុតឡេនវ័យ ៦២ ឆ្នាំរូបនេះបានបន្តនិយាយថា Ralf Ragnick គួរតែដាក់កីឡាករទាំងបីនៅលើកៅអីបម្រុង ខណៈដែលគាត់ជឿថានេះគឺជាដំណោះស្រាយចំពោះបញ្ហារបស់ក្លឹប។
McAvennie ក៏បានរិះគន់ Marcus Rashford បន្ទាប់ពីការប្រកួតជាមួយ Newcastle United ដោយនិយាយថា កីឡាករអន្តរជាតិអង់គ្លេសរូបនេះ «ខ្ជិល» ហើយ Cristiano Ronaldo ធ្វើត្រឹមត្រូវ ខណៈពេលដែលស្រែកដាក់តារាវ័យក្មេងខាងលើ។
នៅក្នុងបទសម្ភាសន៍ជាមួយ Football Insider លោក McAvennie បាននិយាយថា៖ «ពួកគេបន្តនិយាយអំពីការផ្តល់ឱកាសដល់យុវជន ប៉ុន្តែខ្ញុំមិនអាចជឿអ្វីដែលខ្ញុំបានឃើញថ្មីៗនេះទេ។ អ្នកក្រឡេកមើល Rashford, Sancho និង Greenwood ពួកគេជាកីឡាករដ៏អស្ចារ្យនៅក្នុងពិភពលោក។ ការពិតគឺថា ពួកគេមិនធ្វើវានៅលើទីលាននោះទេ។ ពួកគេធ្វើមិនបានល្អគ្រប់គ្រាន់នៅរដូវកាលនេះ។ មើលទៅហាក់ដូចជាមិនបានព្យាយាម»។
McAvennine បានបន្ថែមថា គាត់មានអារម្មណ៍សោកស្តាយចំពោះអ្នកចាត់ការសញ្ជាតិអាឡឺម៉ង់ ដែលបានចូលកាន់តំណែងជាគ្រូបង្វឹកបណ្តោះអាសន្នកាលពីពីរខែមុន ហើយកីឡាករបានចាប់ផ្តើមនិយាយប្រឆាំងនឹងគាត់ដោយបើកចំហ។ គាត់បានបន្ថែម៖ «គ្មានកីឡាករណាម្នាក់ពេញចិត្ត Rangnick នោះទេ ខ្ញុំអាណិតគាត់ណាស់»៕