ជាក់ស្តែង កិច្ចសន្យារបស់ខ្សែប្រយុទ្ធធ្មេញមុត Luis Suarez ជាមួយក្លិប Atletico Madrid នៅសល់ពេលតែ ៦ខែទៀតប៉ុណ្ណោះ ប៉ុន្ដែតារាឆ្នើមរូបនេះ នឹងមិនបន្ដកិច្ចសន្យាថ្មីនោះទេ ដោយចាកចេញទៅចូលរួមលីគដែលមានការប្រកួតប្រជែងទាបជាង La Liga។
នេះបើយោងតាមប្រភពពីសារព័ត៌មានអ៊ីតាលី Corriere della Sera បានឱ្យដឹងថា Suarez អាចនឹងទៅចូលរួមក្លិបសេះបង្កង់ Juventus ប្រសិនបើ Barcelona អាចយកបាន Alvaro Morata មកកាន់ទឹកដី Camp Nou។
បន្ទាប់ពីបានរួមចំណែកធំ ក្នុងតំបន់ប្រយុទ្ធសម្រាប់ Atletico Madrid ក្នុងរដូវកាលដំបូង ខ្សែប្រយុទ្ធអ៊ុយរូហ្កាយរូបនេះ ហាក់មានការថមថយកម្លាំង ដោយសារវ័យកាន់តែជ្រេរទៅ។
ប៉ុន្តែបើយោងតាមប្រភពពីសារព័ត៌មានអ៊ីតាលីខាងលើក៏បានបញ្ជាក់ថា ខ្សែប្រយុទ្ធកណ្ដាលរូបនេះ នឹងមិនបន្ដកុងត្រាជាមួយ Atletico នោះទេ ហើយនឹងទៅចូលរួមក្លិបនៅក្នុងក្របខណ្ឌកំពូលអាមេរិក MLS ដែលគេធ្លាប់និយាយថាចង់ទៅលេងនៅទីនោះ។
គួររំលឹកថា ក្នុងរដូវកាលមុន Suarez រកគ្រាប់បាល់បាន២១គ្រាប់ ពីការបង្ហាញខ្លួន ៣៨ប្រកួត ប៉ុន្ដែរដូវកាលនេះ គេរកគ្រាប់បាល់បានតែ ៨គ្រាប់ប៉ុណ្ណោះ ក្នុង ២៥ប្រកួតគ្រប់ពានរង្វាន់ទាំងអស់៕