ខ្សែបម្រើ Miralem Pjanic របស់ក្លិប Barcelona បានដាស់តឿន Alvaro Morata និង Matthijs de Ligt ឱ្យគិតដោយប្រុងប្រយ័ត្នមុនផ្លាស់ទៅចូលរួមក្លិបអ្នកមានបុណ្យ។
បច្ចុប្បន្ន Morata កំពុងលេងនៅ Juventus ក្រោមលក្ខខណ្ខខ្ចីពី Atletico Madrid ប៉ុន្ដែមានការរាយការណ៍ថា ខ្សែប្រយុទ្ធអេស្ប៉ាញរូបនេះ ជាកីឡាករគោលដៅរបស់ Xavi ដើម្បីមកជួយពង្រឹងតំបន់ប្រយុទ្ធ ក្រោយយកបាន Ferran Torres ពី Manchester City។
ទោះយ៉ាងណា Pjanic ដែលបច្ចុប្បន្នកំពុងលេងសម្រាប់ក្លិប Beskitas ក្រោមកិច្ចសន្យាខ្ចីជើងពី Barca បានប្រាប់ឱ្យកីឡាករដែលចូលរួមក្លិបដើមរបស់គេ មានការប្រុងប្រយ័ត្នមុនពេលសម្រេចផ្ញើវាសនានៅទីនោះ។
គេបានប្រាប់សារព័ត៌មាន Tuttosport ថា៖ «Morata មានអាជីពដ៏អស្ចារ្យរួចទៅហើយ។ គេលេងសម្រាប់ក្លិបធំដូចជា Chelsea, Atletico Madrid និង Juventus។ ពេលខ្លះកីឡាករត្រូវការការជំរុញទឹកចិត្ត ប៉ុន្ដែខ្ញុំប្រហែលត្រូវគិតជាថ្មី មុនពេលចាកចេញពីក្លិបដែលមានអារម្មណ៍ល្អនៅទីនោះ»។
«Morata ដឹងពីអ្វីដែលត្រូវធ្វើ Barcelona បានតែងតាំង Xavi ជាគ្រូបង្វឹកដែលដឹងពីក្លិបច្បាស់ ខ្ញុំមិនដឹងពីសេចក្ដីលម្អិតនោះទេ ប៉ុន្ដែខ្ញុំតែងឭថា Morata រីករាយនៅ Juventus ទោះបីជា Barcelona បានទាក់ទងអ្នក ប៉ុន្ដែអ្នកត្រូវតែគិតពីរឿងនេះ»។