Roma ជោគជ័យ​លើ​កិច្ចព្រមព្រៀង​ខ្ចី​ជើង​កីឡាករ​ម្នាក់​ពី Arsenal

0

ក្លឹ​ប AS Roma ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Jose Mourinho ត្រូវ​បាន​គេ​រាយការណ៍​ថា កៀក​នឹង​សម្រេចការ​ផ្ទេរ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង សម្រាប់​កីឡាករ​វ័យ ២៤ ឆ្នាំ​របស់ ក្លឹ​ប Arsenal ពោល​គឺ​ទំនងជា​សម្រេច​ទៅ​បាន​យ៉ាង​យូរ​ចន្លោះ ៤៨ ម៉ោង​ខាង​មុខ​។

Ainsley Maitland-Niles ដែល​លេង​តំណែង​បម្រើ​ស្លាប ហើយ​ក្រោម​ការ​ដឹកនាំ​របស់​លោក Mikel Arteta គេ​មិនសូវ​ទទួល​បាន​ឱកាស​ឈរជើង​នោះ​ទេ ពោល​ចំនួន​នាទី​ឈរជើង​រដូវ​កាល​នេះ មិន​បាន​ដល់ ៥០០ នាទី​ផង​។ ដូច្នេះ​ជា​ជាង​បន្ត​ខាត​ពេល​នៅ​ការ​អង្គុយ​កៅអី​បម្រុង សម្រាប់​កីឡាករ​វ័យ ២៤ ឆ្នាំ​រូប​នេះ ក៏​ស្រវា​ទៅ​រក​ការ​លេង​ជាប់លាប់​ជាមួយ​ក្លឹ​ប​ក្រៅ​លី​គ​នោះ​គឺ Roma តែត្រឹម​លក្ខខណ្ឌ​ខ្ចី​ជើង​សិន​ប៉ុណ្ណោះ​។

យោង​តាម​សារព័ត៌មាន ESPN បាន​ឲ្យ​ដឹង​ថា​កិច្ចព្រមព្រៀង​ខាងលើ នឹង​ប្រកាស​ចន្លោះ​ពី ២៤ ទៅ ៤៨ ម៉ោង​បន្ទាប់ ហើយ​ខាង​ភាគី​ក្លឹ​ប​អ៊ី​តា​លី នឹង​ពុំ​មាន​សិទ្ធ​ទិញ​ផ្តាច់​នៅ​រដូវក្តៅ​នោះ​ទេ​ពោល Arsenal មាន​បំណង​តែ​ចង់​ឲ្យ​គេ​ទៅ​ទទួល​បាន​ពេលវេលា​លេង​នៅ Roma តែ​ប៉ុណ្ណោះ​។

យ៉ាងណាមិញ Maitland-Niles សេសសល់​សុពលភាព​កុងត្រា​ជាមួយ Arsenal ដល់​ចុងខែ​មិថុនា​ឆ្នាំ ២០២៣ ជាមួយនឹង​តម្លៃ​ផ្ទេរ​ល្បាក់ ១០ ទៅ ២០ លាន​ផោន​។ គេ​ជា​អតីត​យុវជន​ថ្នាល​នៅ​ក្លឹ​ប រួច​បាន​ឡើង​មក​ឈុត​ធំ កាលពី​រដូវក្តៅ​ឆ្នាំ ២០១៧៕