Luk Shaw រៀបរាប់​ទាំង​មុខស្ងួត​ក្រោយ​ចាញ់ Wolves យប់មិញ

0

ខ្សែការពារ Luke Shaw បាន​និយាយ​ថា​ក្រុម​បិសាច​ក្រហម Manchester United នៅ​ខ្វះ​ភាព​ស្រេកឃ្លាន និង​ការ​ប្ដេជ្ញា​ចិត្ត សម្រាប់​ការ​បរាជ័យ​ទល់​នឹង Wolves ក្នុង​ដី​ខ្លួនឯង​កាលពី​យប់​ថ្ងៃ​ទី ៤​ខែមករា​កន្លង​ទៅ​នេះ​។

កីឡាករ Joao Moutinho រកបាន​១​គ្រាប់​នៅ​ចុង​ម៉ោង​នាទី​ទី​៨២ ជួយ​ឲ្យ Wolves បំបាក់ Man UTD ១ ទល់​នឹង ០ ដែល​នេះ​ជា​បរាជ័យ​ដំបូង​គេ​ក្រោម​ការ​ដឹកនាំ​របស់​លោក Ralf Rangnick បន្ទាប់​ពី​លោក​បាន​ដឹកនាំ​ឲ្យ​ឈ្នះ Crystal Palace ឈ្នះ Norwich ស្មើ Newcastle និង​ឈ្នះ Burnley រួច​មក​។

ដោយឡែក Shaw មើលឃើញ​ថា​បញ្ហា​ចំបង​របស់​ក្រុម​គេ មិនមែន​ស្ថិត​លើ​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​ទេ គឺ​កីឡាករ​លេង​មិន​ចេះ​សាមគ្គី​គ្នា ព្រមទាំង​ខ្វះ​ការ​តាំងចិត្ត​។

ថ្លែងប្រាប់ Sky Sports ក្រោយ​ចប់​ការ​ប្រកួត Luk Shaw បាន​និយាយ​ទាំង​មុខស្ងួត​ថា​៖ «​ខ្ញុំ​គិត​ថា អ្នក​មិន​អាច​បន្ទោស​ទៅ​លើ​គ្រូបង្វឹក​ទេ​។ គឺ​កីឡាករ​ផ្ទាល់ ពួក​យើង​ធ្លាប់​លេង​នៅ​ទី​នេះ​យូរ​មក​ហើយ ពួក​យើង​លេង​នៅផ្ទះ​ខ្លួនឯង ពួក​យើង​ដឹង​ថា​ត្រូវ​លេង​ដោយ​ភាពស្វិតស្វាញ និង​ការ​លើកទឹកចិត្ត​ជំរុញ​ខ្លួនឯង​។ ប៉ុន្តែ​ខ្ញុំ​គិត​ថា​យប់​នេះ គឺ​ពួក​យើង​ជួបនឹង​ភាព​លំបាក​។ ពួក​យើង​មាន​អារម្មណ៍​ថា ឬ​ក៏​ខ្ញុំ​ខ្លួនឯង​មាន​អារម្មណ៍​ថា ពួក​យើង​មិន​បាន​សាមគ្គី​គ្នា​នៅ​លើ​ទីលាន​…»៕