អីយ៉ា​ស់​! Cristiano Ronaldo ឈ្នះ​ពាន​មួយទៀត​ហើយ

0

ទោះ​មិន​បាន​ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំឆ្នាំ ប៉ុន្ដែ​កំពូល​ខ្សែប្រយុទ្ធ Cristiano Ronaldo បាន​ឈ្នះ​ពានរង្វាន់​មួយ​ដែរ ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់ Globe Soccer Awards​។

ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្កា​ល់វ័យ ៣៦​ឆ្នាំ​រូប​នេះ ទទួល​បាន​ពានរង្វាន់​អ្នករក​គ្រាប់​បាល់​ល្អ​បំផុត នៅ​ក្នុង​ប្រវត្តិសាស្ដ្រ ប៉ុន្ដែ​គេ​មិន​បាន​ទៅ​ចូលរួម​ទទួល​ពានរង្វាន់​នេះ​នៅ​ទីក្រុង​ឌូ​បៃ​នោះ​ឡើយ​។

កីឡាករ​របស់ Manchester United រូប​នេះ បាន​យក​ឱកាស​ផ្ញើ​វី​ដេ​អូ​ចំពោះ​ការ​ពេញចិត្ត​ពានរង្វាន់​ដែល​ខ្លួន​បាន​ឈ្នះ ដោយ​និយាយ​ថា​៖ «​គួរ​ឱ្យ​ស្ដាយ​ណាស់ ខ្ញុំ​មិន​បាន​ទៅ​ទីនោះ តែ​ខ្ញុំ​សូម​អរគុណ​ដល់​អ្នក​ទាំងអស់​គ្នា​សម្រាប់​ជោគជ័យ​មួយ​នេះ ហើយ​ខ្ញុំ​សង្ឃឹមថា​យើង​នឹង​ជួប​គ្នា​នៅ​ឆ្នាំ​បន្ទាប់​»​។

ទោះបីជា Ronaldo អវត្តមាន ប៉ុន្ដែ​ភ្នាក់ងារ​របស់​ខ្សែប្រយុទ្ធ​វ័យ ៣៦​ឆ្នាំ​លោក Jorge Mendes បាន​ឡើង​ទៅ​ទទួល​ពាន​នេះ​ជំនួស ដោយ​ភ្ជាប់​មក​នូវ​ពាក្យ​ពេ​ជន៍​មួយ​ចំនួន ជា​ការ​អបអរ​លើកទឹកចិត្ត​អតិថិជន​ខ្លួន​ផង​ដែរ​។

គួរ​ជម្រាប​ថា ពានរង្វាន់​កីឡាករ​ល្អ​បំផុត​ប្រចាំឆ្នាំ​របស់ Globe Soccer Awards បាន​ទៅ​លើ​ខ្សែប្រយុទ្ធ Kylian Mbappe ខណៈ​កីឡាករ​ប្រចាំឆ្នាំ​របស់​អ្នកគាំទ្រ (Fan’s Player of the Year) គឺ Robert Lewandowski៕