យោងតាម Le 10 Sport បានឲ្យដឹងថា Cristiano Ronaldo ចង់ឱ្យ Manchester United ជួលអ្នកចាត់ការ Atletico Madrid លោក Diego Simeone ប្រសិនបើពួកគេបរាជ័យក្នុងការចុះហត្ថលេខាជាមួយលោក Zinedine Zidane ។
Manchester United បានបណ្តេញលោក Ole Gunnar Solskjaer កាលពីខែមុន ហើយបានតែងតាំងអតីតអ្នកចាត់ការ RB Leipzig លោក Ralf Rangnick លើមូលដ្ឋានបណ្តោះអាសន្ន។ យ៉ាងណាមិញ បិសាចក្រហមនឹងស្វែងរកអ្នកចាត់ការថ្មីម្នាក់ក្រោយចប់រដូវកាលបច្ចុប្បន្ន។ ឈ្មោះជាច្រើនត្រូវបានផ្សារភ្ជាប់ជាមួយនឹងការងាររបស់ Manchester United រួមទាំងលោក Zinedine Zidane និង Mauricio Pochettino ។
យោងតាមប្រភពខាងលើ Manchester United មាន «ផែនការ B» ប្រសិនបើពួកគេត្រូវបានបដិសេធដោយ Zinedine Zidane ។ ផែនការគឺដើម្បីតែងតាំងគ្រូបង្វឹក Atletico Madrid លោក Diego Simeone ដែលត្រូវបានចាប់អារម្មណ៍យ៉ាងខ្លាំងពី Cristiano Ronaldo ។ ខ្សែប្រយុទ្ធវ័យ ៣៦ ឆ្នាំរូបនេះបានគាំទ្រលោក Simeone សម្រាប់ការងាររបស់ Manchester United ។
Manchester United ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការតែងតាំងគ្រូបង្វឹក PSG បច្ចុប្បន្នលោក Mauricio Pochettino ជាអ្នកចាត់ការថ្មីរបស់ពួកគេ។ នេះជាលទ្ធផលដែលលោក Zinedine Zidane ត្រូវបានគេភ្ជាប់ជាមួយនឹងការងារក្នុងរដ្ឋធានីបារាំង។ ទោះជាយ៉ាងណាក៏ដោយ ចំណូលចិត្តរបស់ Cristiano Ronaldo អាចកំណត់ស្ថានភាពទាំងមូលឡើងវិញបាន។
គួររំលឹកផងដែរថា Manchester United ត្រូវបានចាប់ឆ្នោតប៉ះក្រុម Atletico Madrid របស់លោក Diego Simeone ក្នុងការប្រកួតវគ្គ ១៦ក្រុមនៃពានរង្វាន់ UEFA Champions League ហើយ CR7 ខ្លួនឯងផ្ទាល់ធ្លាប់មានការប៉ះទង្គិចជាច្រើនជាមួយនឹងក្រុមរបស់លោក Simeone អំឡុងពេលដែលគាត់នៅ Real Madrid។ ម្ចាស់ពាន Ballon d’Or ៥សម័យរូបនេះ រកបាន២៥គ្រាប់ក្នុង ៣៥ប្រកួតទល់នឹង Atletico Madrid នាពេលកន្លងមក៕