គ្រូបង្វឹកបណ្ដោះអាសន្នរបស់ Manchester United លោក Ralf Rangnick កំពុងជំរុញក្រុមប្រឹក្សាភិបាលរបស់ក្លឹប ដើម្បីចូលរួមប្រជែងយកខ្សែប្រយុទ្ធ Erling Haaland របស់ Dortmund។
តារាឆ្នើមសញ្ជាតិន័រវេសវ័យ ២១ឆ្នាំរូបនេះ កំពុងមានហុងស៊ុយខ្លាំង គួរឱ្យកត់សម្គាល់ចាប់តាំងពីការផ្ទេរទៅប្រទេសអាឡឺម៉ង់តម្លៃ ២០ លានផោន ហើយបានស៊ុតបញ្ចូលទីឲ្យក្រុម Dortmund បាន ៧៦ គ្រាប់ក្នុង ៧៤ ប្រកួត។
បច្ចុប្បន្ន ទោះបីក្រុមបិសាចក្រហមមាន Cristiano Ronaldo, Marcus Rashford, Mason Greenwood និង Jadon Sancho នៅក្នុងតំបន់ប្រយុទ្ធហើយក៏ដោយ ប៉ុន្តែលោក Rangnick នៅតែទទូចចង់បាន ខ្សែប្រយុទ្ធបន្ថែមទៀត ខណៈដែល Edinson Cavani និង Anthony Martial ត្រូវបានគេរំពឹងថានឹងចាកចេញក្នុងទីផ្សារដោះដូរកីឡាករខាងមុខនេះ។
យ៉ាងណាមិញ Barcelona, Real Madrid, Manchester City, Bayern Munich និង Chelsea សុទ្ធតែចាប់អារម្មណ៍លើការចុះហត្ថលេខាលើ Haaland ហើយ Raiola ហាក់ដូចជាបានច្រានចោល Man Utd ចេញពីដំណើរការជាមួយនឹងមតិយោបល់កាលពីសប្តាហ៍មុន៕