Manchester United ត្រូវបានគេរាយការណ៍ថាកំពុងត្រៀមខ្លួនសម្រាប់ការចាកចេញរបស់ខ្សែប្រយុទ្ធបារាំង Anthony Martial ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករា។ កីឡាករវ័យ ២៦ ឆ្នាំរូបនេះត្រូវបានគេជឿថា មានការខកចិត្តជាមួយនឹងកង្វះខាតពេលវេលាលេងរបស់គាត់នៅ Old Trafford ក្នុងរដូវកាលនេះ ហើយចង់ចាកចេញពីក្លឹប។
យោងតាមសារព័ត៌មាន The Telegraph អ្នកចាត់ការបណ្តោះអាសន្នរបស់ Manchester United លោក Ralf Rangnick ជឿជាក់ថា កីឡាករមកពីថ្នាលយុវជន Anthony Elanga អាចជំនួស Anthony Martial ។ Elanga បានបង្ហាញខ្លួនជាលើកដំបូងរបស់គាត់សម្រាប់ក្លឹប កាលពីរដូវកាលមុនក្រោមការគ្រប់គ្រងរបស់ Ole Gunnar Solskjaer ។ គាត់ស៊ុតបញ្ចូលទីបានពីរគ្រាប់ក្នុងការបង្ហាញខ្លួន ៤ ដងសម្រាប់បិសាចក្រហមក្នុងការប្រកួតទាំងអស់ក្នុងអំឡុងពេលយុទ្ធនាការ។
បញ្ជាក់ផងដែរថាកីឡាករវ័យ ១៩ ឆ្នាំរូបនេះបានបង្ហាញខ្លួនជាកីឡាករបម្រុង ក្នុងការប្រកួតដំបូងរបស់គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់ដែលដឹកនាំក្រុម Manchester United ដោយទទួលជ័យជម្នះក្នុងលីគ ១-០ លើក្រុម Crystal Palace ។ បន្ទាប់មកគាត់បានបង្ហាញខ្លួនជាលើកដំបូងក្នុងក្របខ័ណ្ឌ Champions League ក្នុងលទ្ធផលស្មើ ១-១ របស់បិសាចក្រហមជាមួយនឹង Young Boys កាលពីដើមខែនេះ៕