Cristiano Ronaldo បានរំលឹកពីការសន្ទនាក្នុងគ្រាដ៏ឈឺចាប់មួយ ដែលគាត់បានជួបជាមួយលោក Sir Alex Ferguson មុនពេលឪពុករបស់គាត់បានទទួលមរណភាពក្នុងឆ្នាំ ២០០៥។
Ronaldo បានឈ្នះពាន Premier League បីដង ពាន League Cup ពីរ FA Cup និង Champions League មួយ ដែលធ្វើការក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិស្កុតនៅ Old Trafford ។
នៅក្នុង Inside View ខ្សែប្រយុទ្ធព័រទុយហ្គាល់វ័យ ៣៦ឆ្នាំរូបនេះ បានរំឮកពីភាពកក់ក្តៅ និងការអាណិតអាសូររបស់អ្នកគ្រប់គ្រងរបស់គាត់ថា៖ «ខ្ញុំចាំបានថា ថ្ងៃមួយដែលឪពុករបស់ខ្ញុំឈឺធ្ងន់ត្រូវសម្រាកនៅមន្ទីរពេទ្យ ពេលឮដំណឹងនោះហើយ ខ្ញុំមានអារម្មណ៍មិននឹងនរទេ ខណៈដែលខ្ញុំក៏មានការប្រកួតដ៏សំខាន់ដែរ ហើយខ្ញុំបានទៅនិយាយជាមួយគាត់ (Ferguson)»។
ហើយគាត់បាននិយាយថា៖ «Cristiano វាមិនមានបញ្ហាទេ ខ្ញុំយល់ពីស្ថានភាពនេះ អ្នកអាចទៅជួបជាមួយឪពុករបស់អ្នកបាន»។ CR7 បានបន្តថា៖ «សម្រាប់ខ្ញុំ នេះគឺជារឿងសំខាន់បំផុត ក្រៅពីការឈ្នះ Champions League, Premier Leagues អ្វីដែលគាត់និយាយមកខ្ញុំ គាត់តែងតែធ្វើ។ ដូច្នេះខ្ញុំពិតជាត្រូវដឹងគុណ»។
គួររំលឹកថា Ronaldo បានចូលរួមជាមួយបិសាចក្រហមពី Sporting CP ក្នុងវ័យ ១៨ ឆ្នាំក្នុងឆ្នាំ ២០០៣។ យ៉ាងណាមិញ ឪពុករបស់គាត់គឺលោក José Dinis Aveiro បានទទួលមរណភាពពីរឆ្នាំក្រោយមក ខណៈដែលខ្សែប្រយុទ្ធវ័យក្មេងរូបនេះ នៅតែលេចធ្លោជាកីឡាករវ័យក្មេងដែលមានទេពកោសល្យល្អបំផុតនៃពិភពបាល់ទាត់៕