John Terry៖ មាន​តែ ៤ ក្រុម​ប៉ុណ្ណោះ ដែល​នឹង​អាច​ឈ្នះ​ពាន UCL

0

វីរបុរស​ក្រុម​តោ​ខៀវ​លោក John Terry ថា​មាន​តែ​ក្លិប​៤​ប៉ុណ្ណោះ ដែល​ស័ក្តិសម​នឹង​ឈ្នះ​ពាន Champions League នៅ​រដូវ​កាល​នេះ នោះ​គឺ Chelsea, Bayern Munich, Manchester City និង Liverpool ។

ជា​ការ​ពិត​ណាស់ ការ​ចាប់ឆ្នោត Champions League វគ្គ​១៦​ក្រុម​បាន​ចេញ​ជា​ផ្លូវការ​ហើយ ដោយ​ក្រុម​ធំ​ៗ​នៅ​អង់គ្លេស​ដូច​ជា Liverpool ត្រូវ​ប៉ះ Inter Milan, Manchester City ត្រូវ​ជួប​ជាមួយ Sporting Lisbon, Manchester United ត្រូវ​ប៉ះ Atletico Madrid ឯ Chelsea ត្រូវ​ប៉ះ Lille ។

Bayern Munich ដែល​ជា​ក្រុម​ខ្លាំង​មក​ពី​អា​ល្លឺ​ម៉​ង់ ត្រូវ​ឡើង​សង្វៀន​ជាមួយ RB Salzburg ឯ​គូ​ដែល​ពិសេស​ជាងគេ​នោះ​គឺ Paris Saint-Germain ត្រូវ​ប៉ះ​ជាមួយ Real Madrid ឯ Juventus របស់​លោក Max Allegri ត្រូវ​ប្រកួត​ជាមួយ​ជើងឯក Europa League រដូវ​កាល​មុន​គឺ Villarreal ខណៈ​ដែល Ajax ត្រូវ​ប្រកួត​ជាមួយ Benfica​។

យ៉ាងណាមិញ បន្ទាប់​ពី​បានឃើញ​ការ​ចាប់ឆ្នោត​នេះ​រួច​លោក John Terry បាន​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម Twitter ថា​៖ «​តើ​អ្នក​ណា​ជា​អ្នក​ឈ្នះ Champions League ឆ្នាំ​នេះ? ខ្ញុំ​គិត​ថា Chelsea , Bayern Munich , Liverpool និង Manchester City គឺ​មើលទៅ​ទំនង​ណាស់​»​។

គួរ​បញ្ជាក់​ថា ការ​ប្រកួត​ជើង​ទី​១​នៅ វគ្គ​១៦​ក្រុម​នេះ​នឹង​ចាប់ផ្ដើម​នា​ថ្ងៃ​ទី ១៦​ខែកុម្ភៈ​ខាង​មុខ​នេះ​ហើយ​៕