Ramos និយាយ​បែប​នេះ បន្ទាប់​ពី​ចាប់ឆ្នោត​ជួប​អតីត​ក្រុម​ចាស់ (មានវីដេអូ)

0

ពិត​ណាស់ លទ្ធផល​ចាប់ឆ្នោត​ការ​ប្រកួត Champions League វគ្គ​១៦​ក្រុម​ចុង​ក្រោយ​បាន​ចេញ​ជា​ផ្លូវការ​ហើយ បន្ទាប់​ពី​មាន​កំហុស​បច្ចេកទេស​នៅ​លើក​ទី​១ ដែល​ការ​ចាប់ឆ្នោត​លើក​ទី​២​នេះ​គឺ Paris Saint-Germain ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្លិប​ខ្លាំង​មក​ពី​អេ​ស្ប៉ា​ញ Real Madrid ផង​ដែរ​។

ទន្ទឹម​គ្នា​នោះ កំពូល​ខ្សែការពារ Sergio Ramos ជា​អតីត​ប្រធាន​ក្រុម Real Madrid ដែល​បច្ចុប្បន្ន​លេង​នៅ​ក្លិប PSG បាន​និយាយ​ថា គេ​មិន​អាច​បន្ធូរ​ដៃ​ឲ្យ​អតីត​ក្លិប​ខ្លួន​នោះ​ឡើយ និង​ប្រកួត​ប្ដូរជីវិត​ដើម្បី PSG ទោះបី​ទឹកចិត្ត​ខ្លួន​នៅ​ស្រឡាញ់ Real Madrid ក៏​ដោយ​។

កីឡាករ​សញ្ជាតិ​អេ​ស្ប៉ា​ញ​វ័យ ៣៥​ឆ្នាំ​រូប​នេះ បាន​ចំណាយពេល​ដល់​ទៅ ១៦​ឆ្នាំ​ស្នាក់​នៅ​ទឹកដី Santiago Bernabeu ដោយ​បាន​ឈ្នះ​ពានរង្វាន់ Champions League ដល់​ទៅ ៤​ដង​ជាមួយ​ក្លិប ប៉ុន្តែ​កាលពី​ខែមិថុនា​ឆ្នាំ​២០២១​កន្លង​ទៅ Ramos ត្រូវ​បង្ខំចិត្ត​ចាកចេញ​ព្រោះ Real Madrid មិន​ព្រមព្រៀង​បន្ត​កុងត្រា​តាម​ការ​ស្នើ​សុំ​របស់​គាត់​។

យ៉ាងណាមិញ Ramos និយាយ​ថា «​វាសនា​គឺ​មើល​មិនឃើញ​ទេ ខ្ញុំ​ចង់​ចាប់ឆ្នោត​ប៉ះ​ក្រុម​ផ្សេង​ដែល​ត្រូវ​តទល់​ជាមួយ​ពួក​យើង​។ អ្នកដឹង​ហើយពី​ក្ដី​ស្រឡាញ់​ដែល​ខ្ញុំ​មាន​ឲ្យ Real Madrid ។ ឥលូវ​នេះ​វា​ដល់​ពេល​ដែល​ត្រូវ​ការពារ PSG ហើយ​ខ្ញុំ​នឹង​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​ឲ្យ​ពួក​យើង​ឈ្នះ​។ ក្រុម​របស់ខ្ញុំ​ជឿ​ទុកចិត្ត​លើ​ខ្ញុំ​។ ទោះ​ប្ដូរជីវិត​ក៏​ខ្ញុំ​ប្រយុទ្ធ​ដើម្បី PSG»​។

គួរ​បញ្ជាក់​ថា ការ​ប្រកួត​ជើង​ទី​១​រវាង PSG និង Real Madrid ធ្វើ​ឡើង​នៅ ថ្ងៃ​ទី​១៦​ខែកុម្ភៈ ឆ្នាំ​២០២២ ខណៈ​ការ​ប្រកួត​ជើង​ទី​២​ធ្វើ​នៅ​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២២៕

សូមទស្សនាវីដេអូខាងក្រោម៖