កីឡាករ Ronald Araujo របស់ក្លិប Barcelona បានព្រមព្រៀងផ្លាស់មកក្លិបតោខៀវ Chelsea បន្ទាប់ពីម្ចាស់ក្លឹបមួយនេះ បានដាក់សំណើយ៉ាងទាក់ចិត្តដល់រូបគេ។
ជាការពិតណាស់ Chelsea កំពុងតាមយក Araujo ដោយយកមកសម្រាប់ជំនួសខ្សែការពារ Antonio Rudiger ដែលទំនងជាមិនបន្តកុងត្រាថ្មី និងចង់ផ្លាស់ទៅក្លិប Real Madrid ព្រោះចរចាកុងត្រាមិនត្រូវគ្នា។
ដូច្នេះហើយលោក Thomas Tuchel គិតថា Ronald Araujo គួរតែអាចជំនួសកន្លែងគេបាន ខណៈដែលកីឡាករសញ្ជាតិអ៊ុយរ៉ាហ្កាយរូបនេះក៏លេចឮថាចង់ឲ្យក្លិប Barcelona ដំឡើងប្រាក់ខែដល់គេ ប៉ុន្តែដោយសារស្ថានភាពហិរញ្ញវត្ថុរបស់ក្លិបដុនដាបពេក ទើបពុំអាចដំឡើងបាន។
យោងតាមសារព័ត៌មាន El Nacional បានបង្ហើបថា ម្ចាស់ក្លិប Chelsea គឺលោក Roman Abramovich បានដាក់សំណើដ៏ទាក់ចិត្តដល់ Araujo ។
គួរបញ្ជាក់ថា ខ្សែការពារវ័យ ២២ឆ្នាំរូបនេះ ជាកីឡាករចេញពីឈុត B របស់ Barcelona ដែលត្រូវដំឡើងឲ្យមកលេងនៅឈុតធំកាលឆ្នាំ២០១៩៕