Benzema អាចត្រូវអវត្តមាន ក្នុងការប្រកួតទល់នឹង Atletico Madrid

0

កីឡាករ Karim Benzema នឹងខកខានការប្រកួត Champions League របស់ Real Madrid ទល់នឹង Inter នៅថ្ងៃអង្គារ ដោយសាររបួសចាស់ ខណៈដែលវត្តមានសម្រាប់ការប្រកួត Derby ជាមួយគូប្រជែងក្នុងទីក្រុង Atletico Madrid នៅថ្ងៃអាទិត្យក្រោយក៏នៅមិនទាន់អាចបញ្ជាក់បាន។

ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ បានវាយបកក្នុងជ័យជម្នះ ២-០ របស់ Los Blancos លើក្រុម Real Sociedad កាលពីថ្ងៃសៅរ៍ ហើយត្រូវប្តូរចេញនៅតង់ទីមួយនៃការប្រកួតភ្លាមៗ។

យ៉ាងណាមិញ បុគ្គលិកពេទ្យរបស់ Real Madrid បានពិនិត្យ Benzema ទាំងនៅ Reale Stadium ក៏ដូចជានៅ Valdebebas កាលពីថ្ងៃអាទិត្យ ប៉ុន្តែពួកគេកំពុងរង់ចាំការធ្វើតេស្តចុងក្រោយនៅថ្ងៃច័ន្ទនេះ។

Benzema មានអារម្មណ៍មិនស្រួល ហើយបានសុំឱ្យសម្រាកក្នុងពេលប្រកួត ដោយក្លឹបក៏ញាប់ប្រញាប់ប្រញាល់ប្តូរគាត់ចេញ ដើម្បីជៀសវាងពីរបួសធ្ងន់ធ្ងរ។

ទោះជាយ៉ាងណាក្តី Eden Hazard អាចជាជម្រើសមួយជំនួស Benzema ប៉ុន្តែខ្សែប្រយុទ្ធបែលហ្ស៊ិករូបនេះ ហាក់មិនស្ថិតក្នុងភ្នែករបស់លោក Carlo Ancelotti នោះទេក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ៕