Rangnick បញ្ជាក់​ពី​មូលហេតុ​សម្រាប់​អវត្តមាន Martial និង Lingard

0

លោក Ralf Rangnick បាន​ពន្យល់​ពី​មូលហេតុ​ដែល​គាត់​មិន​ដាក់​កីឡាករ​ពីរ​រូប សម្រាប់​ការ​ប្រកួត Manchester United ជា​លើក​ដំបូង​របស់​គាត់​ដែល​ទទួល​បន្ទុក​គឺ Anthony Martial និង Jesse Lingard ដោយ​ពួក​គេ​បាន​រង​បួស ក្នុងអំឡុងពេល​ហ្វឹកហាត់​។

គួរ​បញ្ជាក់​ថា គ្រូបង្វឹក​សញ្ជាតិ​អា​ឡឺ​ម៉​ង់​វ័យ ៦៣​ឆ្នាំ​រូប​នេះ ត្រូវ​បាន​តែងតាំង​ជា​គ្រូបង្វឹក​បណ្ដោះអាសន្ន​របស់ Man Utd កាលពី​ថ្ងៃ​ចន្ទ ហើយនឹង​ទទួល​បន្ទុក​រហូត​ដល់​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ បន្ទាប់​មក​គាត់​នឹង​ផ្លាស់​ទៅ​ធ្វើ​ជាទី​ប្រឹក្សា​នៅ Old Trafford រយៈពេល​ពីរ​ឆ្នាំ​ទៀត​។

Rangnick បាន​ចូលរួម​ជាមួយ​បិសាច​ក្រហម​ជា​ផ្លូវការ​នៅ​ដើម​ស​ប្តា​ហ៍​នេះ បន្ទាប់​ពី​គ្រូបង្វឹក​ចាំផ្ទះ​លោក Michael Carrick បាន​ដឹកនាំ​ការ​ប្រកួត​បី លើក​មិន​ដែល​ចាញ់ និង​ការ​ប្រកួត​ចុង​ក្រោយ​របស់​គាត់​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​ជ័យជម្នះ ៣-២ លើ​ក្រុម Arsenal៕