អ្នកចាត់ការបណ្តោះអាសន្នថ្មីរបស់ក្លិបបិសាចក្រហម Manchester United លោក Ralf Rangnick បាននិយាយពី Cristiano Ronaldo នៅក្នុងសន្និសីទសារព័ត៌មានលើកដំបូង ចាប់តាំងពីពេលត្រូវបានប្រកាសតែងតាំងជាផ្លូវការ។
ពិតណាស់ ក្លិបបិសាចក្រហម បានផ្ដល់កិច្ចសន្យារយៈពេល ៦ខែជូនលោក Rangnick ក្នុងនាមជាអ្នកចាត់ការបណ្តោះអាសន្ន ហើយលោកនឹងកាន់តួនាទីជាទីប្រឹក្សារបស់ក្លិប នៅ២រដូវកាលបន្ទាប់។
ចំពោះចំណាប់អារម្មណ៍ពាក់ព័ន្ធនឹងខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំ Ronaldo លោក Rangnick បាននិយាយថា៖ «ខ្ញុំបានមើលគេប្រកួតកាលពីយប់មិញ ជាពិសេសនៅក្នុងតង់ទី២ គេបានផ្លាស់ប្ដូរការប្រកួត។ នៅក្នុងវ័យរបស់គេ ខ្ញុំមិនដែលឃើញកីឡាករណា ដែលមានកាយសម្បទាពេញលេញបែបនេះទេ»។
«អ្វីដែលខ្ញុំបានឃើញពី Cristiano កាលពីម្សិលមិញ គេគឺលើសពីចង់ផ្ដល់គ្រប់យ៉ាងដែលគេមានទៅឱ្យក្រុម។ វាមិនត្រឹមតែកីឡាករត្រូវសម្របតាមក្រុមនោះទេ ក្រុមក៏ត្រូវសម្របតាមកីឡាករដែរ»៕