Real Madrid ត្រៀម​ឈុត​ធំ​សម្រាប់​ជំនួប​យប់​នេះ

0

ក្រម​អធិរាជ​សរ Real Madrid បាន​ចេញ​បញ្ជី​កីឡាករ​សម្រាប់​ការ​ប្រកួត​ទល់​នឹង Real Sociedad នា​ថ្ងៃ​សៅរ៍​ចុង​ស​ប្ដា​ហ៍​នេះ ជាមួយនឹង​វត្តមាន​កីឡាករ​ឆ្នើម​ៗ​ពេញ​សាច់​សម្រាប់​ការ​ប្រកួត ស្រប​ពេល​ពួក​គេ​កំពុង​នាំមុខ​ដាច់​ច្រើន​ពិន្ទុ​នៅ​កំពូល​តារាង La Liga​។

Real Madrid បាន​នាំមុខ​ក្រុម​លេខ​២ ៧​ពិន្ទុ​នៅ​ពាក់កណ្ដាល​ស​ប្ដា​ហ៍​កន្លង​ទៅ បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​ទាំង​លំបាក​លើ Athletic Bilbao ដោយ​លទ្ធផល ១-០ ដោយ​គ្រាប់​បាល់​របស់​ខ្សែប្រយុទ្ធ Karim Benzema​។

ហើយ​នៅ​ចុង​ស​ប្ដា​ហ៍​នេះ ក្រុម​របស់​លោក Carlo Ancelotti នឹង​ប្រឈម​ជាមួយ​គូប្រកួត​ដ៏​តានតឹង​បំផុត​មួយ​របស់​ពួក​គេ​គឺ Real Sociedad ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៣ នៅ​លី​គ​កំពូល​អេ​ស្ប៉ា​ញ​។

ក្នុង​ក្រុម​ដែល​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ចុង​ស​ប្ដា​ហ៍​នេះ លោក Ancelotti បាន​កោះហៅ​កីឡាករ​នៅ​ក្នុង​ក្រុម​ធំ​សឹងតែ​ទាំងស្រុង លើកលែងតែ Dani Ceballos និង Gareth Bale ដែល​អវត្តមាន​ផង​ដែរ​។

យ៉ាងណាមិញ Ceballos មិន​ទាន់​សះស្បើយ​ពេញលេញ​ពីរ​បួស​នៅឡើយ​ទេ ដោយ​គេ​កំពុង​ហ្វឹកហាត់​នៅ​លើ​វាលស្មៅ​បាន​បន្ដិចបន្ដួច ខណៈ Bale បាន​ត្រលប់​មក​ហ្វឹកហាត់ ជាមួយ​មិត្ត​រួម​ក្រុម ប៉ុន្ដែ​មិន​ទាន់​អាច​លេង​បាន​នៅឡើយ​ទេ​៕