ក្លឹបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថា កំពុងពិភាក្សាដើម្បីចុះហត្ថលេខាលើកីឡាករ Ronald Araujo របស់ Barcelona ជាមួយនឹងលក្ខខណ្ឌប្រាក់ឈ្នួលទ្វេរដង លើថ្លៃឈ្នួលបច្ចុប្បន្ន ដើម្បីទាក់ទាញរូបគេទៅកាន់កីឡដ្ឋាន Anfield ។
ជាក់ស្តែង Araujo នឹងផុតកុងត្រានៅឆ្នាំ ២០២៣ ហើយ Barca ក៏នៅមិនទាន់ចរចាជាមួយខ្សែការពារកណ្តាលម្នាក់នេះនៅឡើយទេ ដែលហាក់បីដូចជាទុកឱកាសឲ្យក្លិបមួយចំនួនមកពីអង់គ្លេសមានការចាប់អារម្មណ៍ខ្លាំង។
យ៉ាងណាមិញ ក្លឹបយក្សកាតាឡាន អាចប្រថុយនឹងបាត់បង់ Araujo លើការផ្ទេរដោយឥតថ្លៃខ្លួន ប្រសិនបើពួកគេបរាជ័យក្នុងការយល់ព្រមលើកិច្ចព្រមព្រៀងថ្មី ជាមួយខ្សែការពារអ៊ុយរូហ្គាយវ័យ ២២ ឆ្នាំរូបនេះ ក្នុងរយៈពេល ១២ ខែខាងមុខ ហើយក្រុមឥស្សរជននៃក្របខ័ណ្ឌ Premier League កំពុងតាមសម្លឹងមិនដាក់ភ្នែក។
ពិតណាស់លោក Jurgen Klopp បាននិងកំពុងវាយលុកទីផ្សារកីឡាករ សម្រាប់ការពង្រឹងខ្សែការពារ ដើម្បីបន្ធូរបន្ថយសម្ពាធលើ Virgil van Dijk, Joel Matip និង Joe Gomez ។
ទន្ទឹមនឹងនោះដែរ ក្លឹបតោខៀវ Chelsea ក៏បានដាក់ Araujo ទៅក្នុងបញ្ជីសម្រាប់ផ្ទេររបស់ពួកគេ ហើយលោក Tuchel ក៏កំពុងតាមដានការវិវឌ្ឍន៍យ៉ាងដិតដល់ ខណៈដែលអនាគតរបស់កីឡាករ Antonio Rudiger និង Andreas Christensen ជាមួយក្លឹបហាក់ស្រពិចស្រពិល៕