Barcelona ចង់បាន​ខ្សែប្រយុទ្ធ​វ័យក្មេង​មា្ន​ក់​របស់ Man City

0

Barcelona បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ជាមួយ​តារា​ឆ្នើម​របស់​ក្រុម Manchester City កីឡាករ Ferran Torres លើ​កិច្ចសន្យា​រយៈពេល​វែង នេះ​បើ​យោង​តាម​ទូរទស្សន៍​អា​ល្លឺ​ម៉​ង់ SPORT1 ។ ទោះបីជា​យ៉ាងណា ក្រុម​របស់​លោក Pep Guardiola ចង់បាន ៧០ លាន​អឺ​រ៉ូ​សម្រាប់​ការ​លក់​កីឡាករ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូប​នេះ​។

Torres បាន​ចូលរួម​ជាមួយ​ក្រុម​ជើងឯក Premier League Manchester City ពី​ក្រុម Valencia នៃ​ក្រប​ខណ្ឌ La Liga ក្នុង​កិច្ចសន្យា​រយៈពេល ៥ ឆ្នាំ​កាលពី​ឆ្នាំ​មុន​។ ចាប់តាំងពី​បាន​មក​ដល់​កីឡដ្ឋាន Etihad កីឡាករ​វ័យ ២១ ឆ្នាំ​រូប​នេះ​បាន​បង្ហាញខ្លួន​ចំនួន ៤៣ ដង​នៅ​គ្រប់ការ​ប្រកួត​ទាំងអស់​។

ទោះជា​យ៉ាងណា​ក៏​ដោយ Torres អាច​នឹង​ចាក​ចេញពី Manchester City ក្នុង​ពេល​ឆាប់​ៗ​នេះ ដោយ Barcelona ចាប់អារម្មណ៍​ក្នុង​ការ​ចុះហត្ថលេខា​លើ​រូបគេ​។ អ្នកចាត់ការ​របស់ Barca លោក Xavi ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​កំណត់​យក​ខ្សែប្រយុទ្ធ​រូប​នេះ ជា​បេក្ខជន​ដ៏​ល្អ​ក្នុង​ការ​ពង្រឹង​ក្រុម​របស់​គាត់​។

វា​នៅ​តែ​ត្រូវ​ចាំ​មើល ថា​តើ Barcelona មាន​ឆន្ទៈ​ក្នុង​ការ​បំពេញ​តាម​សំណើ​របស់ Manchester City សម្រាប់ Torres ដែរ​ឬទេ​។ បច្ចុប្បន្ន Barca កំពុង​ប្រឈម​មុខ​នឹង​ឧបសគ្គ​ផ្នែក​ហិរញ្ញវត្ថុ ហើយ​អាច​ជួប​ការ​លំបាក​ក្នុង​ការ​ចំណាយ​ប្រាក់ ៧០ លាន​អឺ​រ៉ូ​ក្នុង​ខែមករា​៕