Roy Keane បានរិះគន់ការសម្រេចចិត្តរបស់ Michael Carrick ក្នុងការមិនចាប់ផ្តើម Cristiano Ronaldo ក្នុងជម្រើស ១១នាក់ដំបូង សម្រាប់ការប្រកួតដែល Manchester United ស្មើ ១-១ ទល់នឹង Chelsea ។ តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់បានចាប់ផ្តើមការប្រកួតនៅលើកៅអីបម្រុង ហើយបានប្តូរចូលនៅនាទីទី ៦៤ នៃការប្រកួត។
បន្ទាប់ពីការប្រកួត អតីតប្រធានក្រុម Manchester United លោក Roy Keane បាននិយាយថា៖ «គួរតែដាក់គាត់ឲ្យលេង។ Ronaldo មិនមែនជាកីឡាករសម្រាប់បម្រុងនោះទេ គាត់មិនបានត្រលប់មក Manchester United ដើម្បីអង្គុយមើលនោះទេ។ គាត់គឺជាកីឡាករលំដាប់ពិភពលោក ស្ថិតិចាប់តាំងពីគាត់ត្រលប់មកក្លឹបវិញគឺល្អ គាត់មានគ្រាប់បាល់ខ្លះ និងរួមចំណែកក្នុងការរកគ្រាប់បាល់ខ្លះ»។
គួររំលឹកដែរថា Cristiano Ronaldo បានលេង និងស៊ុតបញ្ចូលទីក្នុងជ័យជម្នះ ២-០ របស់ Manchester United ទល់នឹង Villarreal ក្នុងពានរង្វាន់ UEFA Champions League កាលពីពាក់កណ្តាលសប្តាហ៍។ រហូតមកដល់ចំណុចនេះ តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់រូបនេះ បានចាប់ផ្តើមការប្រកួតទាំងអស់ក្នុងលីគ និង Champions League ចាប់តាំងពីចូលរួមជាមួយក្លឹបនៅរដូវកាលនេះ៕