ចេញ​ពី​ផឹកស៊ី​ស្រវឹង បើក​ម៉ូតូ​បុក​ទ្រូងផ្លូវ បណ្តាល​អោយ​ស្លាប់​អ្នកបើកបរ​ភ្លាម​ៗ

0

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​ប្រមាណ ២​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២១ បានអោយ​ដឹង​ថា​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ចំណុច​ផ្លូវ​៣០​ម៉ែត្រ ក្នុង​សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដោយ​បុរស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង និង​ម្នាក់​ទៀត​របួសស្រាល បន្ទាប់​ពី​បាន​បុក​នឹង​ខឿន​ផ្លូវ​។

បើ​តាម​ប្រភព​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​សព​ជន​រង​គ្រោះ មានឈ្មោះ សុខ​បញ្ញា ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មុខរបរ​អ្នកលក់​ផលិតផល បច្ចុប្បន្ន ស្នាក់​នៅ​ក្នុង​បុរី​ចំការ​ដូង​២ ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ មានស្រុក​កំណើត​នៅ​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។

ហើយ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​នារី​បម្រើ​ការងារ នៅ​ក្នុង​ហាង​យីហោ​ឈ្មោះ​កុងតឺន័រ បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​កើតហេតុ រូប​នាង​បានឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឃ្លី​ក ពណ៌​ក្រហម​ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1FM-8149 បាន​ចូល​មក​ផឹកស៊ី​នៅ​ក្នុង​ហាង​ចំណុច​ជិត​ស្តុ​ប​ឬ​ស្សី​ផ្អែម បន្ទាប់​ពី​ផឹក​រួច ជន​រង​គ្រោះ​ក៏​បាន​ជិះ​ម៉ូតូ​ចេញ​ទៅ​ផ្ទះ​វិញ ស្រប​ពេល​ដែល​នារី​បម្រើ​ការងារ នៅ​ក្នុង​ហាង​កុងតឺន័រ ដល់​ម៉ោង​ចេញ ស្រាប់តែ​ជន​រង​គ្រោះ​ហៅ​រូប​នាង ជូន​ទៅ​ផ្ទះ ក្រោយមក​នារី​រូប​នោះ ក៏​ព្រមទៅ រួច​ជិះ​ម៉ូតូ​ចេញពី​ហាង​ធ្វើ​ដំណើរ តាម​បណ្តោយ​ផ្លូវ​៣០​ម៉ែត្រ ក្នុង​ទិស​ដៅ​ពី​ត្បូង​មក​ជើង ។ ពេល​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ហូ​ស​ផ្ទះ​របស់​នារី​ខាងលើ ហើយ​បាន​បបួល​រូប​នាង​ទៅ​គេង​នៅ​ខាងក្រៅ តែ​រូប​នាង​មិន​ព្រម ក៏​ជិះ​ម៉ូតូ​ត្រឡប់​ក្រោយ​វិញ ក្នុង​ល្បឿន​លឿន​ទំនងជា​ខឹង បាន​រេ​ចង្កូត​ទៅ​បុក​នឹង​ខឿន​ផ្លូវ បណ្តាល​ឲ្យ​ដួល​បោក​ក្បាល នៅ​នឹង​ថ្នល់​ស្លាប់​ភ្លាម​ៗ ចំណែកឯ​នារី​អង្គុយ​ពីក្រោយ គ្រាន់តែ​រង​របួសស្រាល​តែ​ប៉ុណ្ណោះ​។

ក្រោយ​កើតហេតុ​ខាងលើ សមត្ថកិច្ច​មូលដ្ឋាន​សហការ ជាមួយនឹង​ផ្នែក​ជំនាញ​ចរាចរណ៍ ចុះ​មក​ដល់​រួច​យក​ទូរ​សព្ទ​ជន​រង​គ្រោះ​ទំនាក់ទំនង រក​ឃើញ​សាច់ញាតិ ក៏​ធ្វើ​កំណត់ហេតុ​ប្រគល់​សព យក​ទៅ​ស្រុក​កំណើត ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ប្រភព៖ សហការី