Eric Cantona និយាយ​លេងសើច​បែប​នេះ​ថា​…!

0

លោក Eric Cantona ដែល​ជា​វីរបុរស​របស់​ក្លិប Manchester United បាន​ប្រកាស​ដោយ​លេងសើច​ផ្ទាល់មាត់​ថា លោក​នឹង​ក្លាយជា​គ្រូបង្វឹក​ថ្មី​របស់​ក្លិប​មួយ​នេះ បើ​ទោះបីជា​លេចឮ​ព័ត៌មាន​ថា Man UTD បាន​យល់ព្រម​ហៅ​លោក Ralf Rangnick មក​ដឹកនាំ​បណ្ដោះអាសន្ន​ក៏​ដោយ​។

បុរស​ជនជាតិ​បារាំង​វ័យ ៥៥ ឆ្នាំ​រូប​នេះ បាន​ចូល​លេង​នៅ​បិសាច​ក្រហម​កាលពី​ឆ្នាំ ១៩៩២ ដល់ ១៩៩៧ និង​បាន​ក្លាយជា​វីរបុរស និង​អតីត​ប្រធាន​ក្រុម​ដ៏​ឆ្នើម​មួយ​រូប ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លិប ដោយ​ធ្លាប់​ស៊ុត​បញ្ចូល​ទី​បាន ៨២​គ្រាប់​។

លោក Cantona បាន​ប្រកាស​ក្នុង​វី​ដេ​អូ​មួយ​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម Instagram ថា​៖ «​សួស្ដី​មិត្ត​ៗ​ទាំងឡាយ​! ខ្ញុំ​ចង់​ប្រាប់​អ្នក​ថា ខ្ញុំ​ជា​គ្រូបង្វឹក​ថ្មី​របស់​ក្លិប Manchester United ខ្ញុំ​នឹង​ជម្រាប​អ្នក​នា​ពេល​ក្រោយ​ពី​ឈ្មោះ​របស់​បុគ្គលិក​របស់ខ្ញុំ ចាំ​ជួប​គ្នា​ឆាប់​ៗ»​។

គួរ​បញ្ជាក់​ថា លោក Eric Cantona ធ្លាប់​ជួយ​ឲ្យ Manchester United លើក​ពាន Premier League ៤​ដង​, Community Shield ៣​ដង និង​បាន​ឈ្នះ​ពាន​ផ្ទាល់ខ្លួន​ដូច​ជា PFA Players’ Player of the Year និង FWA Footballer of the Year ផង​ដែរ​៕