ខ្សែប្រយុទ្ធ Karim Benzema របស់ក្លឹប Real Madrid និងក្រុមជម្រើជាតិបារាំង ត្រូវបានគេរកឃើញថាមានពិរុទ្ធភាព ហើយត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលមួយឆ្នាំ ដែលគាត់មានលទ្ធភាពអាចព្យួរបាន ព្រមទាំងពិន័យជាប្រាក់ចំនួន ៧៥,០០០ អឺរ៉ូ ប្រមាណជា ៦៣,០០០ ផោន។
ខ្សែប្រយុទ្ធរបស់ក្រុម Real Madrid ត្រូវបានគេរកឃើញថាមានពិរុទ្ធភាពក្នុងការប៉ុនប៉ងគំរាមរកផលប្រយោជន៍ ពីអតីតមិត្តរួមក្រុមបារាំង Mathieu Valbuena ជាមួយនឹងកាសែតសិច។ តារាឆ្នើមរបស់ក្លឹប Real Madrid រូបនេះត្រូវបានតុលាការបារាំងក្នុងទីក្រុង Versailles ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលមួយឆ្នាំ។
Benzema ដែលបន្តបដិសេធរាល់ការប្រព្រឹត្តខុសនោះ មិនបានបង្ហាញខ្លួននៅតុលាការទេ។ ខ្សែប្រយុទ្ធសញ្ជាតិបារាំងនឹងត្រូវចូលរួមប្រកួតជាមួយក្រុម Sheriff Tiraspol របស់ Moldovan នៅថ្ងៃពុធនេះក្នុងក្របខ័ណ្ឌ Champions League ហើយបានសម្រេចចិត្តផ្តោតលើការប្រកួតដ៏សំខាន់មួយនេះ។
មេធាវីរបស់ Benzema លោក Antoine Vey បាននិយាយថា កីឡាករនឹងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមនេះ៖ «លទ្ធផលនេះ មិនទាក់ទងទៅនឹងការពិតនៃព្រឹត្តិការណ៍នោះទេ»។ Los Blancos បានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញបញ្ហារនេះឡើយ ។
Valbuena ត្រូវបានគេរាយការណ៍ថា បានទទួលការហៅទូរស័ព្ទជាលើកដំបូងនៃការគម្រាមកំហែងជាច្រើន ទាក់ទងនឹងការលេចចេញនូវខ្សែអាត់វីដេអូក្នុងខែមិថុនាឆ្នាំ ២០១៥ ។ កីឡាកររូបនេះបានរៀបរាប់ប្រាប់តុលាការថា អ្នកហៅទូរស័ព្ទច្បាស់ជាចង់ទទួលបានប្រាក់ពីគាត់។ Valbuena ក៏បានបញ្ជាក់ផងដែរពីរបៀបនៃការប៉ុនប៉ងគំរាមរកផលប្រយោជន៍ ធ្វើឱ្យគាត់មានការភ័យខ្លាចចំពោះអាជីព និងកន្លែងក្នុងក្រុមជម្រើសជាតិ។
គួររំលឹកដែរថា កីឡាករទាំងពីរត្រូវបានទម្លាក់ចេញពីក្រុមជម្រើសជាតិបារាំង បន្ទាប់ពីរឿងអាស្រូវដែលត្រូវបានគេស្គាល់នៅពេលនោះថាជា «ទំនាក់ទំនងផ្លូវភេទ»។ ខ្សែប្រយុទ្ធរបស់ Real Madrid ពេលនេះមានអាយុ ៣៣ ឆ្នាំ ហើយបានលេងជាង ៩០ ដងសម្រាប់ក្រុមជម្រើសជាតិបារាំង។ គាត់ត្រូវបានកោះហៅសម្រាប់ការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបកាលពីដើមឆ្នាំនេះ ហើយកំពុងមានរដូវកាលដ៏អស្ចារ្យជាមួយក្រុម Real Madrid ដោយបានរួមចំណែករកគ្រាប់បាល់បាន ១៤ គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន ៨ដងនៅក្នុងការប្រកួតទាំងអស់រហូតមកដល់ពេលនេះ៕
សូមទស្សនាវីដេអូខាងក្រោម៖