Manchester United ត្រូវបានគេរាយការណ៍មកថា ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Frenkie de Jong របស់ Barcelona ។ សារព័ត៌មាន Catalan El Nacional កំពុងរាយការណ៍ថា បិសាចក្រហមបានត្រៀមខ្លួនរួចរាល់ហើយក្នុងការចំណាយរហូតដល់ ៥៥ លានអឺរ៉ូដើម្បីចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិហូឡង់រូបនេះ។
Barcelona បានចុះហត្ថលេខាជាមួយ de Jong ពី Ajax ក្នុងឆ្នាំ ២០១៩ ក្នុងតម្លៃខ្លួន ៧៦ លានអឺរ៉ូ។ កីឡាករសញ្ជាតិហូឡង់រូបនេះ ត្រូវបានគេចាត់ទុកថាជាអ្នកស្នងតំណែងរបស់ Sergio Busquets នៅក្លឹប។ ទោះជាយ៉ាងណាក៏ដោយជាមួយនឹង Busquets នៅតែរឹងមាំ De Jong ត្រូវបានប្រើប្រាស់នៅក្នុងតួនាទីផ្សេង។
បញ្ជាក់ផងដែរថា មកទល់ពេលនេះ កីឡាករសញ្ជាតិហូឡង់រូបនេះបានលេង ១០៧ ប្រកួតឱ្យ Barcelona ដោយស៊ុតបញ្ចូលទីបាន ៩ គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន ១៤ ដង។ របាយការណ៍មុនៗបានអះអាងថា អ្នកចាត់ការថ្មីរបស់ Barcelona លោក Xavi បានត្រៀមខ្លួនជាស្រេចក្នុងការលក់ De Jong ដើម្បីប្រមូលលុយសម្រាប់ផ្គត់ផ្គង់ក្លឹប៕