Rangers កំពុងតែសម្រុកចូលទីផ្សារ ដើម្បីស្វែងរកគ្រូបង្វឹកមកជំនួសកន្លែង Steven Gerrard ហើយ Ronald Koeman ត្រូវបានគេរាយការណ៍ថាជាបេក្ខភាពម្នាក់ ក្នុងចំណោមបេក្ខភាពដែលត្រូវចូលកាន់តំណែងនៅកីឡដ្ឋាន Ibrox ។
Gerrard បានចាកចេញពីក្រុម Rangers ជាផ្លូវការកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីក្លាយជាអ្នកចាត់ការថ្មីនៅ Aston Villa ដែលបានបណ្តេញ Dean Smith កាលពីចុងសប្តាហ៍មុន បន្ទាប់ពីការចាប់ផ្តើមរដូវកាលមិនល្អ។
យោងតាម Football Insider ម្ចាស់ជើងឯកក្របខណ្ឌ Premiership របស់ស្កុតឡេន កំពុងសម្លឹងមើល Koeman ជាអ្នកស្នងតំណែងដ៏មានសក្តានុពលរបស់ Gerrard ។ លោក Koeman ត្រូវបានបណ្តេញចេញពីតំណែងជាគ្រូបង្វឹកក្រុម Barcelona នៅថ្ងៃទី ២៨ ខែតុលា។
Rangers បច្ចុប្បន្នកំពុងឈរនៅលើកំពូលតារាង ហើយកាលពីឆ្នាំមុនអាចបញ្ចប់ការដណ្តើមពានរយៈពេលប្រាំបួនឆ្នាំរបស់ Celtic ខណៈដែលពួកគេបានឈ្នះពានរង្វាន់លីកជាលើកដំបូងក្នុងរយៈពេលមួយទសវត្សរ៍។
ទន្ទឹមនឹងនេះដែរ បើតាមអ្នកកាសែត Fabrizio Romano អតីតគ្រូបង្វឹក Feyenoord និងអតីតកីឡាកររបស់ក្លឹបលោក Giovanni van Bronckhorst គឺជាបេក្ខភាពសំខាន់ក្នុងការជំនួសតំណែងរបស់ Gerrard ផងដែរ៕