ពិតណាស់ ក្រុមបិសាចក្រហម Manchester United នឹងត្រូវបើកទ្វាកីឡាដ្ឋាន Old Trafford ស្វាគមន៍ក្រុមមេឃខៀវ Manchester City សម្រាប់ការប្រកួតក្របខណ្ឌ Premier League នារាត្រីនេះ។
ជាមួយគ្នានេះដែរ សិស្សប្អូន CR7 គឺ Bruno Fernandes បាននិយាយថា រូបគេមិនព្រួបារម្ភអំពីជំនួប Manchester Derby នេះឡើយ ផ្ទុយទៅវិញ រូបគេពោរពេញដោយទំនុកចិត្ដ ហើយអះអាងថា Man United នឹងអាចធ្វើឲ្យគូប្រជែងឈឺចាប់ថែមទៀត។
ថ្លែងក្នុងចំពោះសារព័ត៌មាន Bruno Fernades និយាយថា៖ «Man City ជាក្រុមដ៏ល្អ និងមានគុណភាពមួយ។ កីឡាករម្នាក់ៗរបស់ពួកគេ ក៏ល្អណាស់ដែរ ប៉ុន្ដែខ្ញុំមិនបារម្ភអំពីពួកគេទេ។ ខ្ញុំគ្រាន់តែផ្ដោតលើអ្វីដែលយើងអាចធ្វើបាន ពីព្រោះខ្ញុំដឹងថា ប្រសិនបើយើងលេងបានល្អនោះ យើងអាចធ្វើឲ្យពួកគេឈឺចាប់បាន។ យើងត្រូវតែលេងឲ្យបានល្អ ព្រោះពួកគេមានកីឡាករល្អ ហើយវានឹងពិបាក។ ប៉ុន្ដែក្រុមទាំងពីរនឹងពិបាកដូចគ្នា»៕