យោងតាម Cat Radio បានឲ្យដឹងថា ក្លឹបយក្សកាតាឡានបានឈានដល់កិច្ចព្រមព្រៀងមួយ ជាមួយអតីតកីឡាកររបស់ពួកគេគឺ Xavi Hernandez ហើយអ្នកចាត់ការសញ្ជាតិអេស្ប៉ាញ បានចាប់ផ្តើមរៀបចំផែនការសម្រាប់ពេលវេលារបស់គាត់នៅ Camp Nou រួចហើយ។ យោងតាមរបាយការណ៍ខាងលើ ខណៈដែលគាត់ត្រៀមចូលកាន់តំណែងនោះ ម្ចាស់ជើងឯក FIFA World Cup ២០១០ Xavi បានធ្វើសំណើសំខាន់ៗចំនួនបីទៅកាន់ប្រធានក្លឹប Barcelona លោក Joan Laporta និងរដ្ឋបាលក្លឹប។
សំណើដំបូងក្នុងចំណោមសំណើទាំងបីគឺ គាត់សុំអនុញ្ញាតបន្តធ្វើការជាមួយក្រុមដែលគួរឱ្យទុកចិត្តរបស់គាត់នៅ Al Sadd ដែលមានដូចជា Oscar Hernandez និង Sergio Alegre ជំនួយការគ្រូបង្វឹករបស់គាត់ និងគ្រូបង្វឹក Ivan Torres ។ គាត់ក៏ចង់ឱ្យ David Prats, Toni Lobo និង Sergio Garcia ដែលទទួលបន្ទុកផ្នែកកាយរឹទ្ធិ ទៅជាមួយគាត់ រួមជាមួយនឹងគ្រូពេទ្យជំនាញព្យាបាលដោយចលនា។
បន្ទាប់មកលោកបានស្នើរសុំឲ្យផ្នែកវេជ្ជសាស្ត្ររបស់ក្លិបត្រូវកែលម្អ។ កីឡកររបស់ Barca មានរបួសច្រើនក្នុងរដូវកាលនេះ។ Xavi បានស្នើសុំឱ្យ Dr Ricard Pruna ត្រលប់មកវិញ ដែលពីមុនគាត់ធ្វើការឱ្យ Barcelona ហើយឥឡូវនេះកំពុងធ្វើការនៅឌូបៃ។
ជាចុងក្រោយ Xavi បានស្នើរសុំឱ្យមានការចុះហត្ថលេខាលើខ្សែបម្រើស្លាបមួយចំនួនក្នុងទីផ្សារដោះដូរកីឡាករខែមករា។ ទោះបីជាហិរញ្ញវត្ថុរបស់ពួកគេមានកម្រិតក៏ដោយ ក្លឹបយក្សកាតាឡានប្រហែលជាអាចវិនិយោគ ២០ លានអឺរ៉ូលើបញ្ហានេះ៕