ក្រុមរបស់លោក Solskjaer បានចាប់ផ្តើមយ៉ាងលំបាកសម្រាប់រដូវកាលថ្មីនេះ ក្រោយពីភ្លាត់ចាត់ក្រុមហង្សក្រហម Liverpool ៥-០ បានធ្វើឲ្យកៅអីរបស់អ្នកចាត់ការសញ្ជាតិន័រវ៉េសរូបនេះរង្គោះរង្គើរយ៉ាងខ្លាំង។
នៅពេលសួរថា តើគាត់មានអារម្មណ៍យ៉ាងណាចំពោះលោក Ole Gunnar Solskjaer គ្រូបង្វឹករបស់ Manchester City បានឆ្លើយតបដោយនិយាយថា លទ្ធផលគឺសំខាន់ណាស់សម្រាប់ក្លឹបធំដូចជា Man Utd ។ លោក Guardiola បាននិយាយជុំវិញរឿងនេះថា៖ «ពិតណាស់នៅ United អ្វីគ្រប់យ៉ាងដែលបានកើតឡើង គឺកើនឡើងទ្វេដង។ ក្រុមដែលមានឥទ្ធិពលដូចជា Liverpool ពួកគេគឺជាក្រុមដ៏អស្ចារ្យបំផុតក្នុងប្រទេសអង់គ្លេសអស់រយៈពេលជាច្រើនឆ្នាំ ហើយការបរាជ័យរបស់បិសាចក្រហមគឺមិនមានអ្វីភ្ញាក់ផ្អើលឡើយ»។
លោក Guardiola ក៏បានសង្កត់ធ្ងន់ផងដែរអំពីសារៈសំខាន់នៃលទ្ធផល ដោយបន្ថែមថាសូម្បីតែគាត់ក៏នឹងរងការរិះគន់ដែរ ប្រសិនបើលទ្ធផលមិនគាប់ប្រសើរ។ អ្នកចាត់ការដែលឈ្នះពាន Premier League បីសម័យបាននិយាយថា៖ «ប្រសិនបើខ្ញុំមិនមានលទ្ធផលល្អ ខ្ញុំនឹងត្រូវបានគេរិះគន់ដូចគ្នា។ គ្មាននរណាម្នាក់អាចគេចផុតពីលទ្ធផលអាក្រក់នោះទេ»។
លោក Guardiola បាននិយាយថាសម្ពាធលើ Solskjaer កាន់តែខ្លាំងដោយពិចារណាលើការខកខានឈ្នះពានដ៏យូររបស់ Man Utd នៅក្នុងក្របខ័ណ្ឌ Premier League ។ បិសាចក្រហមបានឈ្នះជើងឯក Premier League ជាលើកទី ១៣ ដែលជាកំណត់ត្រារបស់ពួកគេស្ទើរតែមួយទសវត្សរ៍មុន គឺនៅក្នុងឆ្នាំ ២០១៣ ។ គ្រូបង្វឹករបស់ Man City បាននិយាយថា៖ «អស់រយៈពេលជាយូរដែលក្រុមមិនបានឈ្នះពាន Premier League ពួកព្យាយាមដើម្បីទទួលបានវាជាថ្មី ពីព្រោះប្រវត្តិសាស្ត្ររបស់ពួកគេទាមទារវា»។
លោក Guardiola បន្តដោយនិយាយថា Solskjaer ត្រូវការឈ្នះការប្រកួតបន្ទាប់ ដើម្បីអាចបន្តនៅដឹកនាំ Man Utd ។ គាត់បានបន្ថែមថា៖ «ខ្ញុំនិយាយអ្វីដែលច្បាស់បំផុត ដែលមនុស្សគ្រប់គ្នាដឹង ហើយនៅពេលនេះខ្ញុំប្រាកដថា Ole ត្រូវតែព្យាយាមយកឈ្នះឲ្យបានសម្រាប់ការប្រកួតបន្ទាប់ ដើម្បីរក្សាតំណែង គ្មានអាថ៌កំបាំងអ្វីច្រើនជាងនោះទេ»៕
សូមទស្សនាវីដេអូខាងក្រោម៖